ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធ និងការប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមតុលាខេត្តកំពង់ធំ ។
ការឃាត់ខ្លួនស្រ្តីរូបនេះ ធ្វើឡើង នៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ចំណុចទួលគ្រើល ក្នុងផ្ទះរបស់ស្រ្តីសង្ស័យតែម្ដង ស្ថិតនៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានអោយដឹងថា ស្រ្តីដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនិងថ្នាំញៀន មានឈ្មោះ ខុល ថាន អាយុ៣៥ឆ្នាំ រស់នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ លុយដុល្លារចំនួនជាង១ពាន់ លុយរៀលចំនួនជាង២ម៉ីនរៀល និងទូរស័ព្ទម៉ាកទំនើបចំនួន២គ្រឿង ។
ស្រ្តីដែលជាជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី