ខេត្តពោធិ៍សាត់៖ នគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានអះអាងថា យ៉ាងហោចមានបុរសចំនួន ៣នាក់បានរងរបួស និងបាត់បង់ជីវិត ដោយសារពួកគេបើកបរក្នុងល្បឿនលឿនដូចហោះ ដោយក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ បានរេចង្កូតធ្លាក់ផ្លូវរួចជ្រុលទៅបុកគល់ត្នោត ហើយក្រឡាប់ជាច្រើនត្រឡប់ចូលវាលស្រែ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦ ០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថា ជនរងគ្រោះស្លាប់ និងរបួសអ្នកបើកបរឈ្មោះ កាន រ៉ា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ មុខរបរកសិករ(ស្លាប់) និងអ្នករួមដំណើរពីរនាក់ទៀតទី ១ ឈ្មោះ កាន កេន ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ(ធ្ងន់) និងទី២ ឈ្មោះ គយ អៀង ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ(ស្រាល) អ្នកទាំង ៣នាក់ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ(កន្លែងកើតហេតុ) ជាមួយគ្នា។
ប្រភពដដែលខាងលើបន្តទៀតថា ក្រុមជនរងគ្រោះបានធ្វើដំណើររួមគ្នាដោយរថយន្ត ១គ្រឿងម៉ាក តូយូតាកូរ៉ូឡា សេរីឆ្នាំ ១៩៩៨ ពណ៏ទឹកប៊ិច ពាក់ស្លាក់លេខ 2D 7871 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបើកបរក្នុងល្បឿនលឿនដូចហោះ លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូងធ្លាក់ផ្លូវរួចជ្រុលទៅបុកគល់ត្នោតពេញទំហឹង រួមទាំងក្រឡាប់ច្រើនត្រឡប់ទៀតបណ្ដាលឲ្យស្លាប់ និងរបួសរដូករណេលបែបនេះតែម្តង។
ប្រភពខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ជនរងគ្រោះស្លាប់ និងរបួសបានបើកបរក្នុងស្ថានភាពស្រវឹងស្រាប្រើប្រាសក្នុងល្បឿនលឿន ហើយជនរងរបួសត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯខេត្តបាត់ដំបង ចំណែកសាកសព និងវត្ថុតាងរថយន្តបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន