ប្រភពប៊ីប៊ីស៊ីបានផ្សាយថា ប៉ូលិសអាមេរិកបានលើកឡើងថា មនុស្សម្នាក់បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយកើតឡើងក្នុងក្លិបរាត្រីមួយនៅទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ។
ស្នងការប៉ូលិសក្រុង Cincinnati បានមានប្រសាសន៍ថា ខ្មាន់កាំភ្លើងមានគ្នា២នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងក្លិបរាត្រីកម្សាន្ត Cameo Night Club ។
លោក Paul Neudigate បានប្រាប់បណ្តាញទូរទស្សន៍ WLWT-TV ថា មនុស្សជាច្រើននាក់រងការគំរាមកំហែងដល់អាយុជីវិតដោយសារតែរងរបួសធ្ងន់ ។ យើងបាននិងកំពុងស្ថិតនៅក្នុងកណ្តាលស្ថានការណ៍ដ៏រន្ធត់ ក្នុងក្លិបរាត្រីកម្សាន្តនេះ ដោយជនរងគ្រោះមានច្រើននាក់ ។
លោកបន្តថា ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅអំឡុងពេលមនុស្សរាប់រយនាក់ស្ថិតនៅទីនោះ នាវេលាម៉ោង១ម៉ោងនៅក្នុងតំបន់ ។ ប៉ូលិសបាននិងកំពុងស៊ើបអង្កេត និងសាកសួរសាក្សីច្រើននាក់ ដោយមិនទាន់កំណត់ថា ជាករណីភេរវកម្ម ឬយ៉ាងណានោះទេ ៕