ខេត្តតាកែវ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូបត់មិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយបុកពេញទំហឹង ដែលហេតុការណ៍កើតឡើងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ 58-59 ភូមិ វះពោះ ឃុំ ខ្វាវ ស្រុក សំរោង ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់អធិការនគបាលស្រុកសំរោង បានអោយដឹងថា យុវជនរងគ្រោះមានឈ្មោះ សេង វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ អង្គុញ ឃុំ ខ្វាវ ស្រុក សំរោង ខេត្ត តាកែវ បើកបរម៉ូតូម៉ាក Honda Dream C125 សេរី ២០១៧ ពាក់ស្លាកលេខ 1M-3640 ដោយមិនបានពាក់មួកសុវត្តិភាពនោះទេ ។ ចំណែកឯរថយន្តបង្កហេតុគឺមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ បានបើករត់គេចបាត់ស្រមោល។ ដោយមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងរថយន្តបង្ករហេតុបើកបរក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេចនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវ កសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា