ភ្នំពេញៈ បុគ្គលិកសន្តិសុខម្នាក់បានគាំងបេះដូងស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យព្រះកុសុមៈបានតែបន្តិច ខណៈយាមប្រចាំការនៅធនាគារគោលដៅធនាគារឯកទេសខ្មែរ ដែលមានទីតាំងផ្ទះលេខ៣៤៥ ផ្លូវ២៤៥ ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ១ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុឹម ភន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសន្តិសុខក្រុមហ៊ុនSCY ស្នាក់នៅផ្ទះជួល ផ្លូវ៤២P ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានភារកិច្ច យាមប្រចាំការគោលដៅ K12 ( ធនាគារឯកទេសខ្មែរ ) ។
តាមការបំភ្លឺរបស់បុគ្គលិកធនាគារឯកទេសខ្មែរមួយរូប ធ្វើការជាមួយជនរងគ្រោះ បានឲ្យថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ គាត់បានមកធ្វើការនៅធនាគារឯកទេសខ្មែរមុនគេ ហើយពេលនោះ ស្រាប់តែឃើញជនរងគ្រោះ ឈ្មោះ ស៊ឹម ភន ( សព ) បានអង្គុយលើកៅអីបែកពពុះមាត់ស្គុលដោយមិនដឹងមូលហេតុអ្វីឡើយ ភ្លាមនោះគាត់ក៏ជួយគក់ច្របាច់ ហើយនាំគ្នាដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ប៉ុន្តែក្រោយមកក្នុងអំឡុងម៉ោង១០ព្រឹកគ្រូពេទ្យជួយសង្រ្គោះមិនបានជនរងគ្រោះក៏បានស្លាប់ទៅ ។
បើតាមការបំភ្លឺរបស់ឈ្មោះ ឡោះ សុខ ភេទស្រី អាយុ៥៥ឆ្នាំ ជាប្រពន្ធសព បានអះអាងថា សព្វថ្ងៃនេះ ប្ដីរបស់គាត់មានជំងឺបេះដូងប្រចាំកាយ ដោយលេបថ្នាំជាប់ជាប្រចាំហើយ គ្រូពេទ្យបានហាមប្រាមមិនឲ្យប្ដីគាត់ផឹកកាហ្វេ តែគាត់នៅតែផឹកកាហ្វេ ទើបធ្វើទុកបេះដូងរហូតបាត់បង់ជីវិតដូច្នេះ ។
បន្ទាប់មកទើបកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តចុះទៅធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងរួចបានប្រគល់សពជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ប្រាថ្នា