ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLUXES ៤៧០ របស់ប្រធានមន្ទីរ បង្អែកស្រុកព្រះនេត្រព្រះបុកម៉ូតូបណ្តាលឱ្យមនុស្សក្មេងចាស់៤នាក់ស្លាប់ និងរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់ក្មេង ចាស់ប្រុស ស្រី សុទ្ធតែសាច់ញាតិ និងគ្នាជិះម៉ូតូ១គ្រឿង ឌុបគ្នាត្រូវបានរថយន្ត LUXES ៤៧០ ដែលគេស្គាល់ជា រថយន្តរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បុកបណ្តាលឱ្យស្លាប់ និងរងរបួសធ្ងន់ ខណៈដែលរថយន្ត និងម៉ូតូបានធ្វើដំណើរច្រាស ទិសគ្នា ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នា២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។ក្រោយពីកើតហេតុនោះភ្លាមគេឃើញអ្នកបើករថយន្តប្រជាពលរដ្ឋសង្ស័យជាប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះដែលជាអ្នកបើកបរបង្កបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។បន្ទាប់ពីកើតហេតុគេឃើញនគរបាលចរាចរខេត្តចុះទៅត្រួតពិនិត្យិងវាស់វែងនៅកន្លែងកើតហេតុ ឃើញជនរងគ្រោះស្លាប់១នាក់នៅកន្លែងកើតហេតុ ជាអ្នកបើកម៉ូតូចំណែកអ្នករួមដំណើរ៣នាក់ទៀតជាស្រ្តីនិងក្មេងស្រី ទទួលរងរបួសធ្ងន់។ អ្នករងរបួសត្រូវបានដឹកតាមរថយន្តសង្រ្គោះរបស់នគរបាលបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដើម្បីសង្រ្គោះជីវិត។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរខេត្តប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត LUXES ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២P ៣៨០៨ បានធ្វើដំណើរ ទិសដៅពីកើតមកលិច ចេញពីទីរួមស្រុកព្រះនេត្រព្រះ មកក្រុងសិរីសោភ័ណ  ។ លុះបន្ទាប់មក រថយន្ត LUXES ៤៧០ គេសង្ស័យបានបើកជែងរថយ្ត១គ្រឿងទៀត ក្នុងទិសដៅស្របគ្នា ស្រាប់តែរថយន្តក៏ជ្រុលបុកម៉ូតូជនរងគ្រោះពេញទំហឹង ធ្វើដំណើរច្រាសទិសគ្នា ពីលិចទៅកើត បណ្តាលឱ្យជនរងគ្រោះ និងម៉ូតូផ្លោងខ្ទាតធ្លាក់ពីថ្នល់ជាតិផ្នែកខាងស្តាំផ្លូវរបស់ខ្លួន ចំណែករថយន្តបង្កវិញក៏ជ្រុលធ្លាក់ផ្លូវខាងស្តាំដៃរបស់ខ្លួនផងដែរ ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនរងគ្រោះទាំង៤នាក់ មានឈ្មោះ ១, ផល ប៊ត ភេទប្រុស អាយុ៥២ឆ្នាំ ស្លាប់ រស់នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១E១៣៦៥  ទី២, រិទ្ធ គន្ធា ភេទស្រី អាយុ២៣ឆ្នាំ ៣,ធិន លាក់ ភេទស្រី អាយុ១៨ឆ្នាំ ៤, តាល រក្សា ភេទស្រី អាយុ៥ឆ្នាំ អ្នកទាំង៣នាក់ទទួលរងរបួសធ្ងន់ ពួកគេត្រូវជាក្មួយនិងចៅ ជនរងគ្រោះ ដែលជាអ្នកបើកម៉ូតូនោះតែម្តង រស់នៅក្នុងភូមិឃុំជាមួយគ្នា ។ចំណែកម្ចាស់រថយន្តបង្ក ត្រូវបានគេស្គាល់ឈ្មោះ វុធ ភេទប្រុស អាយុជាង៥០ឆ្នាំ បច្ចុប្បន្នជាប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

ពាក់ព័ន្ធនឹងការសង្ស័យរបស់ប្រជាពលរដ្ឋថា ប្រធានមន្ទីរពេទ្យបង្អែកជាអ្នកបើករថយន្តបង្ក អ្នកយកព័ត៌មាន នៅរសៀលថ្ងៃដដែល បានទំនាក់ទំនង លោក វុធ ប្រធានមន្ទីរបង្អែកស្រុកព្រះនេត្រព្រះ ឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូល២ដង គ្មានអ្នកទទួលឆ្លើយតបនោះឡើយ ។

ដោយឡែក លោក កែវ សុភ័ក្រ្តត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានបំភ្លឺឱ្យដឹងថា លោកទទួលស្គាល់ថា រថយន្តខាងលើពិតជារថយន្តរបស់លោក វុធ ប្រធានមន្ទីរបង្អែកស្រុកព្រះនេត្រព្រះនោះមែន ប៉ុន្តែអ្នកបើកបររថយន្តមិនមែនលោកវុធ នោះទេគឺជាតៃកុងរថយន្ត របស់ លោក ។ នៅពេលកើតហេតុ លោក វុធ ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ជាអ្នករួមដំណើរក្នុងថយន្តប៉ុណ្ណោះ ។ លោកអះអាងទៀតថា លោក វុធ ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះទើបតែជាសះពីជំងឺ មិនអាចបើករថយន្តបានឡើយ។

ករណីគ្រោះថ្នាក់ខាងលើ ក្រោយពីនគរបាលចរាចរខេត្តបានវាស់វែងនៅកន្លែងកើតហេតុសន្និដ្ឋានឱ្យដឹងថា មូលហេតុបង្កឡើងដោយរថយន្ត LUXES ៤៧០ បើកជែងគ្មានការប្រុងប្រយ័ត្ន ។ រថយន្តនិងម៉ូតូជនរងគ្រោះបន្ទាប់មក ត្រូវបាននគរបាលចរាចរខេត្តស្ទូចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

IMG_0746 IMG_0747 IMG_0748 IMG_0749 unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖