ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ព្រោះតែបុរសនារី ពីរនាក់ទំនងជាបើករថយន្តបណ្ដើរប្រឡែងគ្នាបណ្ដើរ បណ្ដាលឲ្យរថយន្ដជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលឲ្យបាក់អស់ចំនួន៣កង់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលម៉ោង០២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែង និងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8620 បើកបរដោយបុរសនារីពីរនាក់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុទំនងជាបើបណ្ដើរប្រឡែងគ្នាបណ្ដើរ ទើបបណ្ដាលឲ្យរថយន្ដរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្ដរងការខូចខាតកល់ជាប់ជាមួយរបាំងថ្មទៅមុខលែងរួច ។
ប្រភពបានបន្ដថា ក្រោយពីបង្កហេតុបុរសនារី ដែលជិះក្នុងរថយន្ដបានចុះពីរថយន្ដហើយនាំគ្នាគេចខ្លួនបាត់ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ