ខេត្តមណ្ឌលគិរី ៖ តំណាងសហគមន៍ ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ព្រមានប្ដឹងទៅស្ថាប័នតុលាការក្រោយពេលដីតំបន់ភ្នំដោះក្រមុំ ត្រូវបានគេឈូសឆាយជាថ្មីដើម្បីយកដីជាកម្មសិទ្ធិបុគ្គលឯកជន ។ មន្ត្រីអភិរក្សភ្នំដោះក្រមុំអះអាងថា ការប៉ុន ប៉ងយកដីភ្នំដោះក្រមុំនេះ គឺរំលោភទៅលើសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលសម្រេចរក្សាទុកដីភ្នំដោះក្រមុំជាតំបន់ វប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិច ។
ការព្រមាននេះ ធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រឿងចក្រទៅឈូសឆាយដីប្រមាណ៤ ហិកតានៅខាងកើតជើងភ្នំដោះក្រមុំ បើទោះបីជាអាជ្ញាធរខេត្តបានឯកភាពជាមួយសហគមន៍រក្សាដីតំបន់នោះជាតំបន់បូជ នីយកិច្ចសម្រាប់ជនជាតិដើមភាគតិចព្នងក៏ដោយ។
តំណាងសហគមន៍ លោក ក្រើង តុលា អះអាងថា តំណាងសហគមន៍ប្រមាណ ១០នាក់ បានរារាំងគ្រឿងចក្រកាលពីដើមសប្ដាហ៍ ហើយទាមទារឲ្យបញ្ឈប់ការឈូសឆាយដើម្បីសហគមន៍សុំឲ្យអាជ្ញាធរពាក់ព័ន្ធកោះហៅអ្នកឈូសឆាយទៅសាកសួរពី ករណីនេះ។ លោកថា អ្នកឈូសឆាយមិនប្រាប់ពីអត្តសញ្ញាណនោះទេ ក៏ប៉ុន្តែពួក គេសំអាងថា មានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំកាលពីឆ្នាំ២០០៤អនុញ្ញាតឲ្យដីតំបន់នោះទៅពួកគេ ។
សហគមន៍ជនជាតិដើមភាគតិចព្នងនៅក្រុង និងស្រុកចំនួន៥ ក្នុងខេត្តមណ្ឌល គិរី រួមទាំងអាជ្ញាធរខេត្ត និងមន្ទីរក្រសួងពាក់ព័ន្ធកាលពីខែធ្នូ ឆ្នាំ២០១៦ បានឯកភាពគ្នាដោះស្រាយបញ្ចប់ជម្លោះដីតំបន់ភ្នំដោះក្រមុំ ដើម្បីអភិរក្សភ្នំនេះទុកជាតំបន់បូជ នីយកិច្ចវប្បធម៌របស់ជនជាតិដើមភាគតិច ។
ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក ស្រី ទូច មានប្រសាសន៍ថា មន្ទីរ ជំនាញបានណែនាំប្រជាពលរដ្ឋដែលឈូសឆាយដីឲ្យបញ្ឈប់សកម្មភាពជាបណ្ដោះ អាសន្ន រង់ចាំអាជ្ញាធរខេត្តដោះស្រាយ បញ្ហានេះ ពីព្រោះលិខិតគ្រប់គ្រងដីដែល អ្នកឈូសឆាយដីយកជាសំអាងគឺហួស សុពលភាពប្រើប្រាស់ ។
អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេច លុបចោលគម្រោងអភិវឌ្ឍន៍នានា នៅ តំបន់ភ្នំដោះក្រមុំ បន្ទាប់ពីសហគមន៍កាល ពីខែសីហា ឆ្នាំ២០១៦ នាំគ្នាតវ៉ាទៅនឹងការឈូសឆាយដីតំបន់ភ្នំដើម្បីរៀបចំគម្រោងសាងសង់វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈស្រាវជ្រាវរ៉ែថាមពល និងប្រេងកាតលើក ដំបូងនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។
អភិបាលក្រុងសែនមនោរម្យលោក ឡុង វិបុល បញ្ជាក់ថា អាជ្ញាធរខេត្តបានធ្វើមោឃភាពលិខិតកាន់កាប់ដីដែលចេញដោយអាជ្ញាធរភូមិឃុំនោះរួចហើយ ហេតុនេះអាជ្ញាធរក្រុងបានណែនាំឲ្យអ្នកឈូសឆាយដីដកថយពីដីនោះដើម្បីរក្សាស្ថានភាពដីភ្នំដោះក្រមុំដូចធម្មតា។ លោកថាអាជ្ញាធរក្រុងរង់ចាំក្រសួងវប្បធម៌ចាត់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរ និងសហគមន៍ចុះកំណត់បរិវេណដីភ្នំដោះក្រមុំឡើងវិញ ។
ភ្នំដោះក្រមុំមានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ឋិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម។កាលពីឆ្នាំ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រីចេញសេចក្ដីសម្រេចចាត់ទុកតំបន់ភ្នំនេះជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច មានទំហំដីជាង១០២ ហិកតា រហូតបច្ចុប្បន្នផ្ទៃដីភ្នំដោះក្រមុំនៅសល់ប្រមាណតែ៧០ហិកតាប៉ុណ្ណោះ បន្ទាប់ពីប្រជាពលរដ្ឋ និងមន្ទីរស្ថាប័នជំនាញជុំវិញខេត្តចូលទៅកាន់កាប់ដីនោះ ។
តាមការគ្រោងទុកក្រសួងវប្បធម៌ សហការជាមួយអាជ្ញាធរខេត្តនឹងបង្កើតគណៈ កម្មការជំនាញចុះវាស់វែងបោះបង្គោលព្រំដីតំបន់ភ្នំដោះក្រមុំឡើងវិញ នៅមុនពិធី បុណ្យចូលឆ្នាំខ្មែរនេះស្របតាមកិច្ចព្រម ព្រៀងធ្វើឡើងជាមួយតំណាងសហគមន៍កាលពីខែធ្នូ ឆ្នាំមុន ៕ ហេង នរិន្រ្ទ