ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារភូមិយើងមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទបៀឡុក ឡាក់ ជល់មាន់ ហើយការលេងល្បែង គឺ មានភ្នាល់ចាក់លុយរាប់សិបលានរៀល ខ្លះចាញ់ ខ្លះឈ្នះ ក្នុងមួយថ្ងៃៗមិនតិចនាក់ នោះទេ គឺមនុស្សចូលលេងយ៉ាងច្រើន កុះករ ។
ប្រភពពីអ្នកលេងល្បែងម្នាក់បានបង្ហើប ថា កាស៊ីណូនេះមានល្បែងគ្រប់ប្រភេទ ឡុកឡាក់ បៀ មាន់ជល់ ដែលក្នុងមួយគូៗ ចាក់ចាប់ពី១លានរៀលដល់៤០លាន រៀលឯណោះសម្រាប់ថ្ងៃធម្មតា ហើយ បើមានគូពិសេស គឺក្នុង១គូ ចាក់ចាប់ពី ៥ពាន់ដុល្លារទៅ២ម៉ឺនដុល្លារក៏មានដែរ ។ អ្នកដែលមកលេងក្នុងកាស៊ីណូនេះភាគច្រើន គឺមកពីឆ្ងាយ ហើយសុទ្ធតែខ្មែរ បើ ជនជាតិបរទេសមិនសូវមានទេគឺមានជន ជាតិវៀតណាមតិចតួចប៉ុណ្ណោះ ។
គួររំលឹកផងដែរថា ក្នុងច្បាប់អាជីវកម្ម បើកកាស៊ីណូនីមួយៗ គឺតម្រូវឲ្យតែជន ជាតិបរទេសជាអ្នកចូលលេង មិនអនុញ្ញាត ឲ្យខ្មែរចូលលេងនោះទេ ឯល្បែងបញ្ជល់ មាន់ គឺម្ចាស់អាជីវកម្មដែលបើកកាស៊ីណូ យកមកអែបដោយយកច្បាប់អាជីវកម្ម កាស៊ីណូជាខែល។ តែយ៉ាងណាកាស៊ីណូ នៅអន្លង់ជ្រៃនេះ គឺផ្ទុយពីច្បាប់ខណៈអ្នកលេងសុទ្ធតែជនជាតិខ្មែរ ហើយមានជល់មាន់រាប់សិបគូក្នុងមួយថ្ងៃៗ ។
ពលរដ្ឋដែលរស់នៅជិតទីនោះបានឲ្យ ដឹងថា កាស៊ីណូនេះទើបបើកលេងមិន ទាន់បានពីខែស្រួលបួលទេ តែភ្ញៀវមក លេងវិញច្រើនកុះករសឹងតែគ្មានកន្លែង ដាក់រថយន្តផង។ ពលរដ្ឋនៅតំបន់នោះ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេស មន្ត្រីថ្នាក់ជាតិ នឹងមានវិធានការចំពោះ កាស៊ីណូ ដែលបើកឲ្យខ្មែរចូលលេងដោយសេរីនេះផង កុំឲ្យដូចពាក្យចាស់ពោលថា ឈ្នះមុខខ្លាញ់ចាញ់មុខខ្លា ចាញ់ច្រើន កាលណាឈ្លោះប្ដីប្រពន្ឋ លក់ទ្រព្យអស់ មានល្បែងមានចោរលួចចោរប្លន់ ៕ នរិន្រ្ទ