ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កមួយគ្រឿង រួមដំណើរពីក្រោយដោយស្ត្រីម្នាក់ និងក្មេងប្រុសស្រីប្រាំនាក់ទៀត និងបានដាក់កង់មួយគ្រឿងនៅលើនោះផងដែរហើយបានបើកបរបញ្រ្ចាសទិសដៅចរាចរណ៍ ក៏ត្រូវម៉ូតូរ៉ឺម៉កមួយគ្រឿងទៀតបើកមកបុកកង់ដែលដាក់នៅលើម៉ូតូរ៉ឺម៉កដែលបើកបញ្ច្រាសទិសនោះបណ្តាលប៉ើងទៅប៉ះនិងកុមារាម្នាក់ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវមុនីរ៉េត កែងនឹងផ្លូវបេតុង ទល់មុខធនាគារស្ថាបនា ភីអេលស៊ី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា កុមារាដែលបានបាត់បង់ជីវិតមានឈ្មោះ ណាល់ ផានីត ភេទប្រុស អាយុ១ឆ្នាំ មានឪពុកឈ្មោះ ទូន ណាល់ អាយុ៣៦ឆ្នាំ មុខរបរបើករថយន្ត និងម្តាយមានឈ្មោះ ណាង ឈុកលាង អាយុ៤៥ឆ្នាំ មុខរបរលក់ផ្កាតាមដងផ្លូវ មានកូនចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ចំណែកឯកុមារារងគ្រោះជាកូនទី៦ ស្នាក់នៅផ្ទះរបស់អង្គការ ក្រុម៩ ភូមិព្រៃទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានសមត្ថកិច្ចឲ្យដឹងថា ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពី ១D២១៨៤ បើកដោយឈ្មោះ ភា រុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួល ម្តុំផ្សារស្ទឹងមានជ័យចាស់ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមដំណើរពីក្រោយដោយស្ត្រីជាម្តាយ និងក្មេងប្រុសស្រីប្រាំនាក់ទៀត ហើយបានដាក់កង់មួយគ្រឿងនៅលើរ៉ឺម៉ក ដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិចដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍ បម្រុងបត់ទៅផ្លូវបេតុងអត់លេខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត ពាក់ស្លាកលេខ ព្រៃវែង ១B១៧១៥ បើកបរដោយបុរសម្នាក់មានឈ្មោះ ម៉ូញ ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើករ៉ឺម៉កដឹកអីវ៉ាន់ ស្នាក់ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតភូមិទឹកថ្លា ឃុំស្វាយអន្ទរ ស្រុកព្រែកផ្តៅ ខេត្តព្រៃវែង ។ បើកម៉ូតូសណ្តោងរ៉ឺម៉កចេញមកពីផ្លូវបេតុងអត់លេខក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានបត់ស្តាំទៅផ្លូវមុមីរ៉េតលុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកទៅខាងឆ្វេងដៃបណ្តាលឲ្យរ៉ឺម៉កទៅបុកនឹងកង់ ដែលដាក់នៅលើម៉ូតូរ៉ឺម៉កកង់បីខាងលើប៉ើងទៅបុកចំទ្រូងកុមារារងគ្រោះខាងលើ ។
ប្រភពបន្តថា ភ្លាមៗនោះស្រ្តីជាម្តាយ បានដឹកកុមារារងគ្រោះតាមរ៉ឺម៉កកង់បីមួយគ្រឿងទៀតយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកុមារជាតិ តែជាអកុសល ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ កុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បើតាមសម្តីពីស្ត្រីជាម្តាយរបស់កុមារារងគ្រោះបានរៀបរាប់ឲ្យដឹងថា គាត់ និងកូនៗរួមទាំងកុមារារងគ្រោះ ទើបតែមកពីលក់ផ្កានៅស្តុបផ្សារដើមគ ហើយបានហៅម៉ូតូរ៉ឺម៉កកង់បីខាងលើដែលធ្លាប់ជិះរាល់ដងបំណង់ទៅផ្ទះវិញ ហើយរូបគាត់បានអង្គុយនៅកៅអីខាងក្រោយ និងដាក់កូនរបស់គាត់ឈរនៅពីមុខគាត់ រីឯកូនស្រីពីរនាក់ទៀត អង្គុយជាប់ខាងឆ្វេងដៃ ។ ចំណែកឯកូនប្រុសពីរនាក់ទៀតអង្គុយនៅកៅអីខាងមុខ ហើយនិងបានដាក់កង់មួយគ្រឿងនៅចំកណ្តាល លុះមកដល់ចំណុចកើហេតុ ដោយសារផ្លូវចូលផ្ទះត្រូវបើកទៅមុខហើយបត់ត្រឡប់ក្រោយមកវិញ ទើបបើកបញ្ច្រាសទិសដៅចរាចរណ៍ ហើយត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កខាងលើ បើកមកបុកកង់ដែលដាក់នៅពីមុខគាត់ប៉ើងមកបុកកូនពៅគាត់តែមង្ត ។
ក្រោយពេលកើតហេតុ ម៉ូតូរ៉ឺម៉កទាំងពីរ រួមទាំងតៃកុងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពកុមារារងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ