ខេត្តកំពង់ចាម ៖ មនុស្ស៣នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារត្រូវរថយន្តសង្គ្រោះបន្ទាន់បើកបុកយ៉ាងពេញទំហឹង ខណៈដែលមេឃបាននិងកំពុងភ្លៀងខ្លាំង កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ ត្រង់ចំណុចផ្លូវកែងកាច់ចូលផ្សារផ្អាវ ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាសទិសគ្នាតាមបណ្ដោយផ្លូវជាតិ លុះដល់ចំណុចកើតហេតុ បានទៅបុកម៉ូតូ ១គ្រឿងយ៉ាងពេញទំហឹង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-8495 បើកបរដោយឈ្មោះផាត ជីមួយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រះព្រឹង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នឹងអ្នករួមដំណើរ ២នាកទៀត ទី១-ឈ្មោះអាន ហ្សា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ទី២-ឈ្មោះផល ឃី្លម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ដែលមានទិសដៅពីត្បូងទៅជើង ( បញ្រ្ចាសទិសគ្នា) បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើរថយន្តពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត ។ ជនរងគ្រោះទាំង៣ ជាកម្មករលីស្រូវ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចជំនាញបានស្និដ្ឋានថា មូលហេតុកើតឡើងដោយសាររថយន្តសង្គ្រោះបន្ទាន់បើកបញ្ច្រាសផ្លូវ (ផ្លូវម្ខាងទៀតគេបិទបើកការដ្ឋានជួសជុលផ្លូវ) រីឯម៉ូតូជែងខ្វះការប្រុងប្រយ័ត្ន ៕ ថាច់ យ៉ាត