ភ្នំពេញ៖ បុរសម្នាក់ត្រូវគេវាយសម្លាប់រួចយកសាកសពទៅប្លុងចោលនៅកណ្តាលវាលស្រែ ខណៈមេឃកំពុងតែភ្លៀងយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ខាងក្រោយវត្តតាំងកសាងខាងជើង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពបុរសរងគ្រោះឈ្មោះ ជួន ស៊ីវុធថារិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាសំណង់ ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិអា៣ ឃុំពាមជរ ស្រុកព្រៃវែង ខេត្តព្រៃវែង និងមានប្រពន្ធឈ្មោះ វ៉ាន់ ណូ អាយុ២៤ឆ្នាំ មានកូនស្រីអាយុ៣ឆ្នាំម្នាក់ និងកំពុងមានទម្ងន់៥ខែ ស្នាក់នៅជាមួយគ្នា ស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង។
ស្រ្តីដែលជាប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានត្រឡប់មកពីផឹកស្រានៅផ្ទះបងថ្លៃក្នុងអាការៈស្រវឹងតិចតួច ប៉ុន្តែគាត់មិនបានចូលសម្រាកជាមួយប្រពន្ធ និងកូនទេ គាត់បានហួសទៅរោងសំណង់ខាងមុខប្រមាណ១០០ម៉ែត្រ ទៅសុំបារីពីក្រុមសំណង់ដែលកំពុងផឹកស៊ីក្នុងនោះ។ ដោយចាំប្តីយូរពេក រូបខ្លួនជាប្រពន្ធក៏បានទៅតាមប្តីដល់រោងដល់រោងសំណង់នោះ តែនៅក្នុងរោងសំណង់នោះមិនមានមនុស្សទេ ហើយងងឹត ណាមួយទុកកូនតូចនៅផ្ទះម្នាក់ឯងផង ទើបរូបគាត់ត្រឡប់មកកន្លែងសម្រាកវិញ មិនដើររកប្តីនោះឡើយ។
ប្រភពបន្តថា លុះព្រឹកឡើង ស្រាប់មានប្រជាពលរដ្ឋបានប្រទះឃើញសពប្តីរបស់គាត់ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទៅវិញ ។
ក្រោយពេលកើតហេតុ សមត្ថិកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដោយស្ថិតក្នុងការសង្ស័យដើម្បីសាកសួរ ហើយសាច់ញាតិជនរងគ្រោះកំពុងរង់ចាំមើលថា តើសមត្ថិកច្ចមានវិធានការយ៉ាងណាចំពោះករណីនេះ ៕ សុខាសែនជ័យ