ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូន២នាក់ទៅបេះផ្កាឈូក​ក្នុងបឹងលង់ទឹក​ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ចាមៈ ក្មេងស្រី២នាក់ជា បងប្អូនបង្កើត និងគ្នាបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងខណៈដែលពួកគេទៅបេះផ្កាឈូកហើយរអិលជើងធ្លាក់ចូលទឹកបឹង ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបឹងសូរគេន ស្ថិតក្នុងភូមិសូគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ ជា ជួន អធិការនគរបាលស្រុកកងមាសបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់បងប្អូន ទី១ឈ្មោះ ឆុន សុខលាភ អាយុ១៦ឆ្នាំ ទី២ឈ្មោះ ឆុន មួយទាង អាយុ៧ឆ្នាំ មាន ឪពុកឈ្មោះ ប៉ាង ឡេក អាយុ៥៣ឆ្នាំ និងម្ដាយឈ្មោះ ស ឈុនហ៊ាង អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកអធិការបានឲ្យដឹងដែរថា បើតាមប្រភពពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់បាននាំគ្នា ទៅបេះផ្កាឈូក ហើយសង្ស័យ ខណៈកំពុងបេះ ស្រាប់តែកូនប្អូនរអិលជើងធ្លាក់ចូលក្នុងទឹកបឹង ដែលមានជម្រៅប្រមាណជាង៣ម៉ែត្រ ហើយកូនបងប្រហែលជាចុះទៅជួយប្អូន ។ ហេតុនេះហើយក៏លង់ទឹកស្លាប់ទាំង២នាក់បងប្អូន ។

ទាក់ទងនឹងករណីនេះ លោកអធិការ ជា ជួន បានឲ្យដឹងទៀតថា សពក្មេងស្រីរងគ្រោះក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានត្រួតពនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី ៕ វណ្ណះ

IMG_8659 IMG_8656 IMG_8657 IMG_8658


ចែករំលែក៖