ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរីបានសម្ដែងក្ដី ព្រួយបារម្ភ អំពីបញ្ហាគ្រោះអគ្គិភ័យ ខណៈមានទីតាំងមួយកំពុងផ្ទុកប្រេងឥន្ធនៈ ប្រមាណ២ម៉ឺនលីត្រ រួមនឹងហ្គាសជាច្រើនធុងដោយខុសច្បាប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ កាលពីល្ងាចថ្ងៃទី៣ មេសាឆ្នាំ២០១៧ ក្រុមការងារគណៈកម្មការចម្រុះខេត្តមណ្ឌលគិរីបានចុះទៅបិទ អាជីវកម្មទីតាំងផ្ទុកប្រេងឥន្ធនៈខុសច្បាប់នោះតែម្ដងផ្អែកតាមសំណូមរបស់ប្រជា ពលរដ្ឋ ។
លោក ទី សុផលអនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានថ្លែងថា ការចុះបិទអាជីវកម្មទីតាំងរក្សាទុកប្រេងដោយខុសច្បាប់ ដែលមានម្ចាស់ឈ្មោះ គន់ ចាន់ថាគឺធ្វើតាមសំណូមពររបស់ពលរដ្ឋរស់នៅជិត ទីតាំងនេះ ។ ម៉្យាងវិញទៀតនៅជុំវិញ ទីតាំងនេះគឺមានផ្ទះអាជីវករលក់ដូរជាច្រើនខ្នងដែលសាងសង់ជាប់ៗគ្នាងាយនឹងរងហានិភ័យអំពីបញ្ហាគ្រោះអគ្គិភ័យចេញពី ទីតាំងរក្សាទុកប្រេងមួយនេះ ហើយចំពោះលក្ខណៈបច្ចេកទេសរបស់ទីតាំងរក្សាទុកប្រេងឥន្ធនៈនេះវិញក៏មិនស្របបទដ្ឋានរបស់ក្រសួងរ៉ែនិងថាមពលមិនអាចអនុញ្ញាតឲ្យដំណើរការអាជីវកម្មបាននោះទេ ។
លោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ករណី ម្ចាស់ទីតាំងផ្ទុកប្រេងខុសច្បាប់នេះចង់ដំណើរការអាជីវកម្មរបស់ខ្លួនបន្ត ។ លុះត្រាមាន ការផ្ដិតមេដៃឯកភាពពីប្រជាពលរដ្ឋដែល រស់នៅជុំវិញ ហើយត្រូវមានការឯកភាពពីអាជ្ញាធរស្រុកពេជ្រាដា ក៏ដូចជា មន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីមន្ទីរ រ៉ែនិងថាមពល និងត្រូវមានមន្ត្រីជំនាញ មកពីក្រសួងរ៉ែនិងថាមពល ចុះមកសិក្សាវាយតម្លៃថាស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងទើបអាចដំណើរការអាជីវកម្ម បាន ហើយប្រសិនបើម្ចាស់ទីតាំងរក្សាទុកប្រេងឥន្ធនៈដោយខុសច្បាប់ឈ្មោះ គន់ ចាន់ថា នៅតែរឹងទទឹងបន្តអាជីវកម្មរបស់ ខ្លួន ។ ដោយមិនមានច្បាប់អនុញ្ញាតពីមន្ត្រី ជំនាញពាក់ព័ន្ធនោះ ម្ចាស់ទីតាំងរក្សាទុក ប្រេងនេះប្រឈមទៅនឹងការផ្តន្ទាទោស តាមផ្លូវច្បាប់ ។
លោក គន់ ចាន់ថា ជាម្ចាស់ទីតាំងរក្សាទុកប្រេងឥន្ធនៈដោយខុសច្បាប់នេះបានយល់ស្របតាមការណែនាំរបស់មន្ត្រីជំនាញនឹងផ្អាកអាជីវកម្មរបស់ខ្លួនមិនឲ្យបន្តសកម្មភាពរក្សាទុកប្រេងនិងចែកចាយទៀតទេ ប្រសិនបើគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញពាក់ព័ន្ធនោះ ៕ ហេង សូរិយា