ខេត្តបាត់ដំបង៖ ពលករខ្មែរ ដែលបានធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវគេមើលឃើញថា ចាប់តាំងពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ បាននាំគ្នាសម្រុកធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងមួយថ្ងៃយ៉ាងហោចណាស់ចាប់ពី៥០០នាក់ទៅ៧០០នាក់ ដើម្បីមកស្រុកកំណើត ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅសល់តែមិនដល់ថ្ងៃ១០ទៀតប៉ណ្ណោះ។
ការចាកចេញយ៉ាងគំហុកពីសំណាក់ពលករខ្មែរមកស្រុកកំណើតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែរ បាននាំឱ្យនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង រងការកកស្ទះចរាចរណ៍ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះក៏មានការលិចឮព័ត៌មានមួយចំនួនពីពលករឱ្យដឹងថា ពួកគាត់ចាកចេញនោះបានត្រូវបង់ប្រាក់ឱ្យសមត្ថកិច្ចមួយចំនួននៅមាត់ច្រកទ្វារព្រំដែនពីចន្លោះ៣០០បាតទៅ៥០០បាតផងដែរ ។
ទន្ទឹមដែលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សុខ ផល ផ្ទៃកាលពីថ្មីនេះ ៗ ក្នុងឱកាសដំណើរការចុះពង្រឹងកិច្ចការងារនិងសាកសួរសុខទុក្ខដល់អង្គភាពអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកអន្តរជាតិដូងស្រុកកំរៀង បានណែនាំដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ ហាមដាច់ខាតមិនឱ្យប៉ះពាល់ប្រាក់កាក់របស់ប្រជាពលករនោះឡើយ និងថែមទាំងជម្រុញឱ្យនគរបាលអន្តោប្រវេសន៍ត្រូវមានកាយវិកាទន់ភ្លន់រាក់ទាក់ជាមួយបងប្អូនពលករខ្មែរថែមទៀត។
ពាក់ព័ន្ធ នឹងការចោទប្រកាន់របស់ពលករខ្មែរថា មានសមត្ថកិច្ចនៅមាត់ច្រកយកប្រាក់ នោះ លោក ហម សំខាន់ ប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បំភ្លឺឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ លោកសូមច្រានចោល និងបដិសេដ្ឋថា គ្មានសមត្ថកិច្ចកម្ពុជា នៅមាត់ច្រកទារប្រាក់ពីពលករខ្មែរនោះឡើយ ។ ការទារប្រាក់នោះ គឺខាងភាគីថៃដែលជាអ្នកយកឯណោះទេ គឺនៅពេលដែលភាគីថៃគេតម្រូវឱ្យពលករខ្មែរត្រូវបង់សេវាមួយចំនួន ពាក់ព័ន្ធនឹងឯកសារឆ្លងដែនចេញចូលនៅក្នុងប្រទេសថៃនោះ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ពលករខ្មែរ ដែលចាកចេញពីប្រទេសថៃមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ភាគីថៃគេទាមទារប្រាក់ថ្លៃបំពេញឯកសារឆ្លងដែនមួយចំនួន ។ ប៉ុន្តែសម្រាប់ចាប់ពីថ្ងៃទី៥ ខែមេសា នេះតែម្តង រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ គឺភាគីថៃគេបញ្ឈប់ទារប្រាក់នោះហើយ ។ មានន័យថាពលករខ្មែរបានចាកចេញដោយសម្រួលតែម្តង ៕ សំ វិច្ឆិកា