ខេត្តប៉ៃលិន៖ ពលរដ្ឋនៅតាមដងស្ទឹង បរយ៉ាខា ស្ពានតារាមនៃខេត្តប៉ៃលិនជា ច្រើនពួកគាត់បានរិះគន់មន្ត្រីជំនាញនិង អាជ្ញាធរអះអាងថា ដោយសារការធ្វើផ្លូវតាម ព្រំដែនឥឡូវទឹកស្ទឹងបានចាប់ផ្តើមថ្លាបន្តិច ម្តងៗឡើងវិញហើយៗអាចឱ្យប្រជាពល រដ្ឋរស់នៅតាមបណ្តាយដងស្ទឹងនេះប្រើប្រាស់បានខ្លះៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា បញ្ហាល្អក់ទឹក ក្នុងស្ទឹងប៉ៃលិននេះគឺបណ្តាលមកពីកម្លាំងវិស្វកម្មឈូសឆាយដីធ្វើផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅតំបន់នោះនៅជាប់នឹងប្រភពទឹកដងស្ទឹងប៉ៃលិន ហើយពេលមានភ្លៀងធ្លាក់ខ្លាំងជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យហូរអាចម៍ដីក្រហមចូលក្នុងទឹកស្ទឹង ទើបធ្វើឱ្យកើតបញ្ហាល្អក់កករបែបនេះ។
ចំណែកលោកកើតសុធាអភិបាលខេត្តប៉ៃលិនបានចុះទៅពិនិត្យមើលតាមដងស្ទឹង នេះនៅព្រឹកខាងលើបានឱ្យដឹងថា ចំពោះបញ្ហាដែលទឹកស្ទឹងប៉ៃលិនល្អក់កករឡើងពណ៌ក្រហម ហើយធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាកង្វះទឹកប្រើប្រាស់នេះអាជ្ញាធរខេត្ត បានរៀបចំក្រុមការចុះអន្តរាគមន៍ជួយដោះស្រាយជូនពលរដ្ឋបានទាន់ពេលវេលា ។
លោកបានបន្តថា ចំពោះបញ្ហាទឹកស្ទឹង ប៉ៃលិនឡើងល្អក់កករប្រើប្រាស់មិនកើត នេះវាមិនប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ព្រោះរដូវនេះជារដូវភ្លៀងដូច្នេះ ប្រជាពលរដ្ឋគាត់មានទឹកភ្លៀងសម្រាប់ប្រើប្រាស់។ ម៉្យាងទៀតបងប្អូនប្រជាពល រដ្ឋដែលរស់នៅតាមដងស្ទឹងគាត់អាចដោះស្រាយបានដោយខ្លួនគាត់គឺគ្រាន់តែជីក រណ្តៅ ឬអណ្តូងនៅក្បែរមាត់ស្ទឹងគាត់ អាចយកទឹកចេញមកប្រើប្រាស់បាន។ ក្នុងនោះអាជ្ញាធរខេត្តបានចាត់ឱ្យមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តយកគ្រឿងចក្រទៅជីករណ្តៅ ឬស្រះនៅក្បែរមាត់ស្ទឹងដើម្បីឱ្យ ប្រជាពលរដ្ឋប្រើប្រាស់នៅតាមតំបន់ដែល ត្រូវការទឹកប្រើប្រាស់ចាំបាច់។
លោកបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ពីព្រោះទឹកស្ទឹងល្អក់នេះគឺបង្កឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះបើបងប្អូនមានបញ្ហាអ្វីកើតឡើង សូមរាយការណ៍មកអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្តជាបន្តាន់ដើម្បីដោះស្រាយផលពិបាកជូនបងប្អូនឱ្យបានទាន់ពេលវេលា។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលដោយ សារទឹកស្ទឹងប៉ៃលិនឡើងល្អក់កករពណ៌ក្រហមដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនភូមិ ដូចជាភូមិបរហ៊ុយជើងភូមិបរតាំងស៊ូ ភូមិ បរយ៉ាខា ភូមិអូរច្រាលិច ស្ថិតក្នុងសង្កាត់ បរយ៉ាខានិងភូមិអូរច្រាកណ្តាល ស្ថិតក្នុង សង្កាត់ទួលល្វា ក្រុងប៉ៃលិន ព្រមទាំងភូមិនានាជាច្រើនទៀតនៅតាមបណ្តោយដងស្ទឹងមួយនេះ ៕ ស សារ៉េត