ខេត្តកំពត៖ ចោរមួយហ្វូងដែលមានគ្នា៤នាក់ ប្រើកាំភ្លើងអាកាបានចូលទៅបាញ់ប្លន់ជនរងគ្រោះយកលុយ គ្រឿងអលង្ការ និងម៉ូតូ១គ្រឿង នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិខ្វាវ ឃុំចំបី ស្រុកអង្គរជ័យ ខេត្តកំពត ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។ តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះ ជនរងគ្រោះមិនមានរងរបួសនោះទេ ដោយក្រុមចោរគ្រាន់តែបាញ់គំរាមប៉ុណ្ណោះ។
មន្ត្រីនគរបាលស្រុកអង្គរជ័យបានឲ្យ ដឹងថា ម្ចាស់ផ្ទះរងគ្រោះដែលត្រូវក្រុម ចោរប្លន់នោះ ឈ្មោះ ញ៉ែម សារុំ អាយុ៤៨ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានបន្តថា ក្រុមចោរមានគ្នា ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម បានធ្វើសកម្មភាពបាញ់សម្លុតជនរង គ្រោះចំនួន២គ្រាប់ ហើយបានប្លន់យក សម្ភារពីជនរងគ្រោះរួមមាន ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ចំនួន១គ្រឿង ពាក់ស្លាកលេខ កំពត 1K-4669 ខ្សែកមាស១ខ្សែ ទម្ងន់៤ជី ចិញ្ចៀនមាស១វង់ ទម្ងន់១ជី និងលុយ ចំនួន៣លាន៧០ម៉ឺនរៀល។
ក្រុមចោរដែលធ្វើសកម្មភាពបាញ់ប្លន់ ទៅលើជនរងគ្រោះមិនទាន់កំណត់មុខ សញ្ញាបាននៅឡើយទេ ដោយសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា។ បើតាមព័ត៌មានក្រុមចោរបានបន្សល់ទុក ស្បែកជើងផ្ទាត់ពណ៌ស២គូ និងមួកកាតឹប ពណ៌ក្រហម១។ រីឯសំបកកាទុស្សសមត្ថកិច្ចរកមិនទាន់ឃើញនៅឡើយទេ៕នរិន្ទ្រ