ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាព ជំនាញខាងខាងឆក់ខ្សែដៃយ៉ាងសកម្មនៅក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលក្រុមបង្ការ បង្រ្កាប សហការនឹងកម្លាំងនគរបាលក្រុងបាត់ដំបង ចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនបានហើយ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន១គ្រឿង តម្លៃជាង១ពាន់ដុល្លារបស់ស្រ្តីរងគ្រោះម្នាក់បានសម្រេចកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានសម្រេចនោះដែរ ក្រោយដែលលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងក្រោមបង្គាប់ត្រូវតាមស្វែងបង្រ្កាបមុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅក្រុងបាត់ដំបង បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពក្រុមចោរឆក់ទូរស័ព្ទដៃតាមដងផ្លូវហាក់បីកំរើកឡើងវិញ ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា ជនសង្ស័យរងការចាប់ខ្លួនមានឈ្មោះ លី សុខា ភេទប្រុស អាយុ៤២ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

មុនពេលកើតហេតុ ក្មេងស្រីម្នាក់មានឈ្មោះ គង់ គីហុង អាយុ១៣ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានជិះម៉ូតូម្នាក់ឯងដល់ចំណុចខាងលើ ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដាពណ៌ខ្មៅឆ្នាំ២០១៧ គ្មានស្លាកលេខ ពាក់មួកសុវត្ថិភាព ពាក់អាវសដៃខ្លី បានជិះម៉ូតូតាមពីក្រោយក្មេងស្រីរងគ្រោះ ហើយបានឆក់ទូរស័ព្ទពីដៃក្មេងរងគ្រោះម៉ាកអាយហ្វូនសឺវែន តម្លៃជាង១ពាន់ដុល្លារបានសម្រេច ហើយជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ ។

ភ្លាមនោះ ជនរងគ្រោះក៏ស្រែកឆោឡោឱ្យគេជួយដេញចាប់ជនសង្ស័យ បន្ទាប់មកកម្លាំងនគរបាល ក៏បានចេញមកដល់ទីកន្លែងកើតហេតុ ហើយក៏ធ្វើដេញតាមជនសង្ស័យ និងដាក់កម្លាំងពួនស្ទាក់គ្រប់ច្រកល្ហក ស្រាប់តែបន្ទាប់មកសមត្ថកិច្ចឃើញភិនភាគម៉ូតូជនសង្ស័យឈប់បញ្ឈរចោលនៅខាងក្រោយវិទ្យាល័យសម្តេចឪក្បែរកន្លែង លក់ទឹកអំពៅ និងមីឆា ។ នៅពេលនោះសមត្ថកិច្ចសួរនាំរកម្ចាស់ម៉ូតូ ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង និងក៏បានដកហូតបានទូរស័ព្ទដៃរបស់ជនរងគ្រោះ ដែលជនសង្ស័យឆករួចយកទៅលាក់ទុកនៅក្នុងផ្ទះរបស់គេនោះបានផងដែរ ។

លោកស្នងការរងក៏បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរូបនេះបានឆ្លើយសារភាព ទទួលកំហុសថាខ្លួនពិតជាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះ ។ ជនសង្ស័យរូបនេះ ក៏ជាមុខសញ្ញាឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋបានសម្រេច២ទៅ៣ករណីរួចហើយផងដែរ ។ ជនសង្ស័យនៅរសៀលថ្ងៃដដែលបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកទូរស័ព្ទដៃជនរងគ្រោះក៏ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ៕សំ វិច្ឆិកា

IMG_2805 IMG_2807 IMG_2808 IMG_2809 IMG_2810 IMG_2803 IMG_2804


ចែករំលែក៖