ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ៨នាក់ជិះម៉ូតូដេញតាមវាយគ្នាបង្កឱ្យរងរបួសនៅតាមដងផ្លូវសាធារណៈ ក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង២ក្រុម បានបង្កការវាយតប់គ្នាប្រើប្រាស់ដំបង និងដុំថ្មតាមផ្លូវសាធារណៈនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យភាគីជម្លោះរងរបួសទាំងសងខាង និងនាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ក្មេងទំនើងទាំងនោះ បន្ទាប់មកក៏ត្រូវបាននគរបាលក្រុងសិរីសោភ័ណបង្រ្កាបឃាត់ខ្លួនបានចំនួន៨នាក់ ។ អំពើហិង្សារវាងក្រុមក្មេងទំនើងទាំង២ក្រុមផ្តើមឡើង ក្នុងរឿងទំនាស់ជ្រែម៉ូតូឌឺដងដាក់គ្នាទៅវិញទៅមក។ ហេតុការណ៍កើតឡើងកាលពីយប់អធ្រាត្រថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សារតូច ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា មុនពេលកើតហេតុមានក្រុមក្មេងទំនើង១ ក្រុមជិះម៉ូតូ៣គ្រឿង រថយន្ត១គ្រឿង មានគ្នា៦នាក់ និងក្មេងទំនើង១ក្រុមទៀត ជិះម៉ូតូ១គ្រឿង ឌុបគ្នា៣នាក់ បានធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចខាងលើ ។ បន្ទាប់មកស្រាប់តែពួកគេបានជិះម៉ូតូជួបទល់មុខគ្នា ហើយជ្រែម៉ូតូឌឺចុះឌឺឡើង ដាក់គ្នាទៅវិញ ។ លុះបន្ទាប់មក ស្រាប់តែពួកគេទាំង២ក្រុម ឈប់ម៉ូតូ ភាគីជម្លោះទាំងសងមានដំបង និងដុំថ្ម រៀងៗខ្លួន ហើយវាយ និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យក្រុមក្មេងឱ្យទំនើងទាំងសងខាងរងរបួស៣នាក់យ៉ាងដំណំ ។

លោកអធិការបានបញ្ជាក់ឱ្យដឹងថា៖ ក្រោយពីកើតអំពីហិង្សានេះភ្លាម កម្លាំងនគរបាលក្រុងសិរីសោភណ្ឌ ក៏ចេញស្ទាក់តាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម សរុបបានចំនួន៨នាក់ និងរកឃើញដកហូតយកវត្ថុតាងដែលពួកគេបន្សល់ទុក រួមទាំងដំបងឈើជ្រុង៤កំណាត់, ដំបងប្ញស្សី១កំណាត់ ដុំថ្ម២ដុំ និងម៉ូតូ២គ្រឿង ។

បច្ចុប្បន្នក្មេងស្ទាវទាំង២ក្រុមនេះ រួមទាំងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចាត់ការបន្តតាមនីតិវិធី ៕ សំ វិច្ឆិកា

1


ចែករំលែក៖