ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ជាប់ខាងក្រោមរថយន្ត ប៉ុន្តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ពេលវេលា បណ្ដាលឲ្យរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
រថយន្តបង្កម៉ាក់ហាយឡែនឌ័រ ពណ៌ស្គរ ពាក់ស្លាកលេខភ្នំពេញ 2O-3918 បើកបរដោយបុរសជនជាតិចិនម្នាក់មិនស្គាល់ឈ្មោះ ។ចំណែកឯម៉ូតូរងគ្រោះម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1-AL1633 បើកបរដោយបុរសម្នាក់រងរបួសស្រាល ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះម្នាក់ឯងដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កធ្វើដំណើរតាមផ្លូវលេខ១៤៦ពីកើតទៅលិចយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យអ្នកបើកម៉ូតូលោតចេញរងរបួសស្រាល រីឯម៉ូតូត្រូវរថយន្តបង្កបុកកិនជាប់ក្រោមរថយន្តតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងតាមជំនាញរួចយករថយន្តបង្កនិងម៉ូតូរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដោះស្រាយតាមនីតិវីធី ៕ ស តារា