ខេត្តកណ្តាលៈ ក្មេងស្រីអាយុ១៣ឆ្នាំ ដើរទៅផ្លាស់គោឲ្យស៊ីស្មៅនៅក្នុងព្រៃ ក៏ត្រូវបានជនសង្ស័យម្នាក់ឆ្មក់ចាប់រំលោភរហូតបានសម្រេច និងបានគំរាមសម្លាប់ក្មេងស្រីរងគ្រោះធ្វើឲ្យនាងមានការភ័យខ្លាចមិនហ៊ានប្រាប់នរណានោះទេ ។ ក្រោយមកទើបបែកធ្លាយដឹងដល់ឪពុកម្តាយ ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ឈានដល់ចាប់ខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។
ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីអំឡុងដើមខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ាច សាម៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ផ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។
ប្រភពដដែលបានបានបន្តថា នៅអំឡុងដើមខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ ក្មេងស្រីរងគ្រោះបានដើរទៅផ្លាស់គោឲ្យស៊ីស្មៅ ។ ពេលទៅដល់ក៏ត្រូវបានជនសង្ស័យចាប់យកទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈនៅក្នុងព្រៃរហូតបានសម្រេច បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យក៏បាននិយាយគំរាមសម្លាប់ក្មេងស្រីរងគ្រោះចោល បើសិនជានាងហ៊ានយករឿងនេះទៅប្រាប់ន៎ណា ។
ដោយភ័យខ្លាចពាក្យសំដីគំរាមរបស់ជនសង្ស័យក្មេងស្រីរងគ្រោះមិនបានយករឿងនេះប្រាប់ន៎ណាឡើយ ក្រោយមកឪពុកម្តាយមានការសង្ស័យក៏ជជីកសួរនាំរហូតបែករឿងឈានទៅដល់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ ម៉ាច សាម៉េត បានឆ្លើយសារភាពថា នៅថ្ងៃមិនចាំ អំឡុងដើមខែមិនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២ រូបគេបានជួបក្មេងស្រីខាងលើនេះនៅក្នុងព្រៃខាងកើតភូមិ ពេលដែលជនរងគ្រោះដើរទៅផ្លាស់គោ ។ គ្រានោះខ្លួនក៍បាននិយាយលួងលោមទំនាក់ទំនងស្នេហាជាមួយ រហូតត្រូវរ៉ូវគ្នាទៅដេករួមភេទក្នុងព្រៃបានសំរេចមួយលើក ។ ជនសង្ស័យបានបន្តថា បន្ទាប់ពីរួមភេទរួច ខ្លួនបាននិយាយសួរទៅកាន់ក្មេងស្រីនោះថា “ម៉េចលះបង់ខ្លួនអោយខ្ញុំអត់ស្តាយទេអី?” ។ ភ្លាមៗនោះនាងបានឆ្លើយថា “អត់ស្តាយទេព្រោះមនុស្សខ្លួនស្រលាញ់” ។ ក្រោយមករូបគេនិងក្មេងស្រីរងគ្រោះបាននិយាយលេងជាមួយគ្នាធម្មតាមួយសន្ទុះ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮកសាងសំណុំរឿងពីបទ រំលោភសេពសន្ថវៈ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ