ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើលើប្រក់ស័ង្កសី ថ្មក្រោម ទំហំប្រហែល១២ម៉ែត្រគុណ៦ម៉ែត្រ ស្ថិតនៅផ្លូវលេខ៤ ជាប់របងខាងក្រោយ ស្ថានីយអគ្គីសនីខេត្តបន្ទាយមានជ័យ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន អគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះបានកំពុងធ្វើត្រាក់ទ័រនៅខាងមុខផ្ទះ។
អគ្គីភ័យកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ហើយភ្លើងបានរាលដាលទៅឆាបឆេះផ្ទះវីឡាមួយខ្នងទៀតនៅក្បែរនោះ អស់ផ្នែកខាងលើមួយចំនួន ផ្ទះវីឡាម្ចាស់ជាអ្នកទទួលធ្វើម្ហូបការនិងបុណ្យ ឈ្មោះ តាដាវ ប៉ុន្តែត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យចំនួន២គ្រឿង ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងរារាំងមិនឱ្យបន្តទៅរាលដាល់ឆាបឆេះផ្ទះវីឡាមួយខ្នងនោះបន្ថែមទៀតឡើយ។
ជាងនេះទៅទៀត រថយន្តពន្លត់អគ្គិភ័យ ក៏បានបាញ់ទឹកទប់ស្កាត់មិនឱ្យភ្លើងបន្តរាលដាលទៅឆាបឆេះស្ថានីយអគ្គីសនីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុផងនោះដែរ។ អគ្គីភ័យត្រូវបានបាញ់ទឹកពន្លត់ប្រើប្រាស់ពេលវេលាជិត១ម៉ោង ទើបភ្លើងរលត់ទាំងស្រុង ដែលចំណាយទឹកអស់ប្រហែល១០រថយន្ត។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា អគ្គិភ័យនោះមិនបង្កឱ្យគ្រោះថ្នាក់បាត់បង់អាយុជីវិតម្ចាស់ផ្ទះ ឬប្រជាពលរដ្ឋណាម្នាក់នោះឡើយ។
បើតាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍ប្រាប់ោ្យដឹងថា មុនពេលកើតហេតុ គេឃើញកូនម្ចាស់ផ្ទះម្នាក់ពិការជើងបានកំពុងជួសជុលត្រាក់ទ័រនៅខាងមុខផ្ទះ ។ លុះបន្ទាប់មក ស្រាប់តែមានភ្លើងផ្សែងចាប់ផ្តើមឆេះចេញពីក្នុងផ្ទះផ្នែកខាងលើ ហើយក៏បន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ មិនអាចទប់ស្កាត់ភ្លើងបាន។ នៅពេលនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនៅក្នុងតំបន់នោះ នាំគ្នាចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែមិនអាចទប់ស្កាត់ភ្លើងបាននោះឡើយ ។ មិនតែប៉ុណ្ណោះ គេឃើញម្ចាស់ផ្ទះ និងប្រជាពលរដ្ឋក៏បានរំដោះត្រាក់ទ័រ១គ្រឿងចេញពីផ្ទះកន្លែងកើតហេតុ និងរំដោះប្រេងម៉ាស៊ូតចំនួន៣ហ្វុយចេញមកខាងក្រៅផងនោះទៀត ។
ម្ចាស់ផ្ទះរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា មានឈ្មោះ សួន ចន្ធី ហៅ ហោ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ។ ចំណែកម្ចាស់ផ្ទះវីឡារងការឆាបឆេះផ្នែកខាងលើ មានឈ្មោះ តា ដាវ ភេទប្រុស អាយុប្រហែលជាង៦០ឆ្នាំ។ អគ្គិភ័យនោះ បើតាមសមត្ថកិច្ចសន្និដ្ឋានជាបឋមអាចបង្កឡើងដោយទុស្សេខ្សែភ្លើង ប៉ុន្តែសមត្ថកិច្ចបន្តស្រាជ្រាវស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកមូលហេតុពិតប្រាកដ ។ ក្រោយពីអគ្គិភ័យត្រូវបានពន្លត់គេក៏មិនទាន់ដឹងថា ទ្រព្យសម្បត្តិ ឧបករណ៍សម្ភារៈ រងការខូចខាតប៉ុន្មាននៅឡើយនោះទេពីគ្រោះអគ្គិភ័យនោះ៕ សំ វិច្ឆិកា