ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ ឃាតកម្មដ៏សាហាវមួយបានកើតឡើងកាល ពីម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ នៅពេលដែលក្រុម គ្រួសារមួយកំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ស្រាប់តែលេចមុខជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងវែងមួយដើមបាញ់រះលើជន រងគ្រោះបណ្តាលឲ្យសមាជិកក្រុមគ្រួសារ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ឃាតកម្មដ៏រន្ធត់ ខាងលើកើតឡើងនៅក្នុងនៅភូមិថ្មី ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនបង្កត្រូវបានគេស្គាល់ឈ្មោះ រ៉េត រាត្រី ហៅឆិច អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាអង្ក ភាពអភិវឌ្ឍន៍ភ្នំឆត្រយោធភូមិភាគទី៥។ ចំណែកជនរងគ្រោះដែលរងការបាញ់ សម្លាប់រួមមាន ទី១-ឈ្មោះ ជួប សាំងលីន ភេទប្រុស អាយុ៣០ឆ្នាំ ទី២-ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ភេទស្រី អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះ សុខ ខាត់ណា ភេទស្រី អាយុ៥៥ឆ្នាំ រីឯឈ្មោះ អឹម សំប៊ុន ភេទប្រុស អាយុ៣៤ ឆ្នាំ រងរបួសធ្ងន់ ។
សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យមន្ត្រីយោធាខាងលើផ្ទុះ កំហឹងឈានដល់ការបាញ់សម្លាប់ស្ទើរផុតពូជមួយគ្រួសារនេះមកពីរូបគេសុំស្រឡាញ់ កូនស្រីក្នុងគ្រួសាររងគ្រោះមិនបាន ដោយឪពុកម្តាយគ្រួសាររងគ្រោះមិនព្រមឲ្យកូនស្រីទៅមន្ត្រីយោធាម្នាក់នេះថែមទាំងឲ្យទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់គ្រួសារខាងលើរួចហើយជនល្មើសបានបើកម៉ូតូ ពាក់ស្លាកលេខ1Q-5151 ជិះគេចខ្លួនបាត់។
ករណីនេះទាំងកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធាកំពុងបើកប្រតិបត្តិការតាមចាប់ខ្លួនជនបង្កយ៉ាងយកចិត្ដទុកដាក់បំផុត ៕ ហេង នរិន្ទ្រ