ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីមានពស់ថ្លាន់មួយក្បាលដែលមានទំងន់ជាង១០គីឡូក្រាមបានវាចេញក្នុងព្រៃដីឡូ មកលើតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញនិងចាប់បាន។
បើតាមសម្ដីពីប្រជាពលរដ្ឋដែលឃើញពស់ថ្លាន់មុនដំបូង បានឲ្យដឹងថា ពស់ថ្លាន់នោះ គឺមានប្រហែល៦ម៉ែត្រ និងមានទំងន់ជាង១០គីឡូក្រាម ហើយបានវាចេញពីដីឡូមួយកន្លែងដែលមានព្រៃឈើជាច្រើន ស្ថិតនៅក្បែរកន្លែងកើតហេតុ មកវាឡើងលើផ្លូវ៣៧១ និងឆ្លងកាត់លើផ្លូវផងដែរ ខណះដែលពស់ថ្លាន់កំពុងតែវាកាត់ផ្លូវ ក៏ត្រូវបានប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវប្រទះឃើញក៏ចាប់បានដោយផ្ទាល់ហើយរាយការណ៍ជូនដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានភ្លាមៗ ។
បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ជូនដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួចមក គេសង្កែតមើលឃើញថា មិនមានមន្ត្រីណាម្នាក់ជួយយកចិត្តទុកដាក់ទៅលើសត្វព្រៃមួយក្បាលខាងលើនេះនោះឡើយ គឺបណ្ដោយឲ្យប្រជាពលរដ្ឋព្រលែងពស់ថ្លាន់ខាងលើចូលទៅក្នុងព្រៃវិញនៅនិងកន្លែងកើតហេតុតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕ ភារ៉ា ដង្កោ