ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្តអ្នកដទៃរួចចុះរត់ចោលឡាន ទុកឲ្យប្រពន្ធទារសំណង 1200$

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋបានហួសចិត្តនឹងលោកអភិបាលស្រុកបាទី ដែលបើកបររថយន្តទាំងស្រវឹងធ្លាក់ភ្នែក ហើយជែងគេជែងឯងពេញផ្លូវ បណ្តាលឲ្យប៉ះរថយន្តភាគីម្ខាងទៀត ទុកឲ្យប្រពន្ធជេរដៀលគេទារសំណងតាមអំពើចិត្ត ដែលហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង 16និង30 នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

បើយោងតាមប្រជាពលរដ្ឋបានលើកឡើងថា មុនពេលកើតហេតុ គេឃើញរថយន្តរបស់លោក អ៊ុក រី អភិបាលស្រុកបាទី ម៉ាក Lexus RX 300 ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2AN-4606 បើកច្រងេងច្រងាងពីទិសខាងត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង ដែលមានលោក អ៊ុក រី ជាអ្នកបើបរ និងអ្នករួមដំណើរម្នាក់ទៀត ជាប្រពន្ធរបស់លោក លុះមកដល់ចំណុចខាងលើ បានជែងរថយន្ត Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2K-3873 ធ្វើដំណើរស្របទិសគ្នា បានប៉ះកាងខាងឆ្វេង រួចបន្តទៅបុកជាមួយធុងទឹកកកនៅចិញ្ចើមផ្លូវបន្ថែមទៀត ។

ក្រោយពេលកើតហេតុលោក អ៊ុក រី បានគេចខ្លួនបាត់ទុកឲ្យភរិយានៅជេរដៀលត្មះភាគីម្ខាងទៀត និងទារសំណង 1200$ ឲ្យខានតែបាន បើមិនបានគំរាមប្តឹងទៅតុលាការ។

បើយោងតាមសម្តីរបស់លោក អ៊ុង ពៅ មានមុខរបរជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលា បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានធ្វើដំណើរតាមរថយន្តខាងលើសំដៅទៅភ្នំពេញដើម្បីទៅធ្វើការវិញ លុះមកដល់ចំណុចខាងលើ លោកបានមើលតាមកញ្ចក់ទៅក្រោយបានឃើញរថយន្តរបស់លោក អ៊ុក រី បើជែងគេ ជែងឯងមកវ៉ាក់ជាមួយរថយន្តធុនធំដែលបើកបញ្រ្ចាសទិសគ្នា ពេលនោះ ស្រាប់តែរថយន្តដែលគេស្គាល់ថា ជារបស់លោក អ៊ុក រី នោះបានកាច់ចង្កូតមកស្តាំ មកប៉ះរថយន្តរបស់លោកកាងខាងឆ្វេង រួចបន្តទៅបុកជាមួយធុងទឹកក ដែលលក់នៅចិញ្ចើមផ្លូវបណ្តាលឲ្យខូចបន្តិចបន្ទួច រួចលោក ក៏បើកបន្តទៅមុខទៀត ព្រោះលោកគិតថា លោកមិនមែនជាអ្នកខុសទេ ពេលធ្វើដំណើរមកដល់សាលាស្រុកបាទី សមត្ថកិច្ចបានឃាត់រថយន្តរបស់លោក រួចឲ្យលោកបើកទៅកន្លែងកើតហេតុវិញ ។ ក្រោយមក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរវៀង ស្រុកសំរោង បានយករថយន្តទាំងពីរទៅរក្សាទុក ដោយសារតែប្រពន្ធលោក អ៊ុក រី បានមកជេរតិះដៀលលើក្រុមគ្រួសារបស់លោក និងគំរាមឲ្យលោកបង់លុយ ១២០០ ដុលារ។

បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ចប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ហើយដោយភាគីខាងរថយន្ត Lexus RX 300 ពណ៌ទឹកមាស បានបង់សំណង ៦០០ ដុលារ ឲ្យទៅខាងលោក អ៊ុក រី ដោយសារតែប្រពន្ធលោក អ៊ុក រី បានមកជេរតិះដៀល ហើយគំរាមតែប្តឹងទៅតុលាការ។

ជុំវិញករណីខាងលើ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានរិះគន់ថា តើអភិបាលស្រុកនៅក្នុងខេត្តតាកែវ ច្រើនតែច្រងេងច្រងាង ច្រឡើសបើស ឈ្លើយដូចលោក អ៊ុក រី អភិបាលស្រុកបាទីដែរ ឬទេ ព្រោះបច្ចុប្បន្នអភិបាលស្រុកបាទីបានជាប់ងារ ប្តីជាអភិបាលស្រុក ប្រពន្ធជាអភិបាលខេត្ត។ ចំណែកលោក មឿង សារុន អធិការស្រុកសំរោងបានឲ្យដឹងថា ពិតជាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងលោក អ៊ុក រី អភិបាលស្រុកបាទី នឹងលោក អ៊ុង ពៅ ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យព្រះកេតុមាលាពិតមែន ៕ ភ្នំដា


ចែករំលែក៖