ភ្នំពេញ៖ នេន១អង្គ និងយុវជនម្នាក់ទៀតត្រូវបាន អ្នកបើករ៉ឺម៉កកង់បីដឹកចូលទៅក្នុងវត្តសំរោងអណ្តែត និងបានរាយការណ៍សមត្ថកិច្ច ខណៈដែលកំពុងឈ្លោះគ្នាលើរ៉ឺម៉កកង់បីតាមផ្លូវសាធារណៈ សង្ស័យបែកថ្នាំ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុច មុខមន្ទីរពេទ្យរតនៈ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នេនខាងលើព្រះនាម អ៊ិន ទេព ព្រះជន្ម ២៥ព្រះវស្សា គង់នៅវត្តត្រពាំងត្រកៀត ស្ថិតនៅភូមិត្រពាំងត្រកៀត ឃុំតំបូកខ្ពស់ ស្រុកដងទង់ ខេត្តកំពត។ ចំណែកយុវជនម្នាក់ត្រូវជាប្អូនបង្កើតរបស់នេនខាងលើឈ្មោះ អ៊ិន សេរី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ(ជានេន លួចដោះស្បង់ជីពរខ្លួនឯង) ។
សមត្ថកិច្ចប្រាប់ថា កាលពីរសៀលមុនកើតហេតុ ទទួលបានសេចក្តីរាយការណ៍ពីអនុគុណខណ្ឌសែនសុខ ថាមានរ៉ឺម៉កកង់បីមួយគ្រឿងបានដឹកនេនមួយអង្គ និងយុវជនម្នាក់មកកាន់វត្តសំរោងអណ្តែត ព្រះតេជគុណបានសាកសួររកឯកសារ ពាក់ពន្ធនឹងព្រះសង្ឃ ប៉ុន្តែមិនមានឯកសារអ្វីទាំងអស់ ថែមទាំងមានអការៈដូចមនុស្សបែកថ្នាំ សុំឲ្យសមត្ថកិច្ចចុះមកជួយពិនិត្យតែម្តង។
សមត្ថកិច្ចដដែលបានប្រាប់ថា ក្រោយធ្វើតេស្តិ៍ទឹកនោមទៅលើយុវជន និងនេន ខាងលើ ឃើញមានផ្ទុកនូវសារធាតុញៀន អនុគណខណ្ឌ បានផ្សឹក នេនខាងលើ និងបានប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ច នេន អ៊ិន ទេព ប្រាប់ថា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ លោកបាននិមន្តមកពីខេត្តកំពតមកលេងជីដូន នៅក្នុងខណ្ឌឫស្សីកែវ ហើយនៅវេលាខាងលើ នេន បាននិមន្តតាមរ៉ឺម៉កកង់បីគោលបំណងទៅផ្សារទិញអីវ៉ាន់ ខណៈមកដល់ចំណុចកើតហេតុ ប្អូនប្រុស បានស្រែកឡូឡាលើរ៉ឺម៉កកង់បីបង្កការភ្ញាក់ផ្អើលសាធារណៈ ហើយត្រូវបានអ្នកដឹករ៉ឺម៉កកង់បីដឹកមកវត្តសំរោងអណ្តែតតែម្តង ។
តាមការៀបរាប់របស់លោកយាយ មុំ ផាត អាយុ៧៥ឆ្នាំ ត្រូវជាជីដូនបង្កើត បានប្រាប់សមត្ថកិច្ចថា ក្រោយឪពុកស្លាប់រស់នៅតែជាមួយ ម្តាយ និងជីដូន ពីរនាក់បងប្អូនសេពគប់ជាមួយមិត្តភ័ក្តិមិនល្អ ប្រើប្រាស់គ្រឿងញៀន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្មានសល់ ដោយឃើញទង្វើបែបនេះ ម្តាយនិងជីដូនបាននាំទៅបួសរៀននៅខេត្តកំពតអស់រយៈកាលពីរឆ្នាំក្រែងបានកែខ្លួនជាមនុស្សល្អដូចគេឯង លុះដល់ថ្ងៃកើតហេតុគាត់ទទួលទូរស័ព្ទពីសមត្ថកិច្ចអោយគាត់មកចូលរួមសហការផ្សឹកចៅខាងលើ។
បច្ចុប្បន្នពីរនាក់បងប្អូនត្រូវបានសមត្ថកិច្ចឃាត់នៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕ តុង សីហា