ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងផ្ទះ, សាលារៀនជាច្រើនខ្នងរងការខូចខាតនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បាតុភូតធម្មជាតិខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ បានវាយប្រហារមកលើខេត្តខេត្តកំពង់ចាមនិងត្បូងឃ្មុំដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យខូចខាតអគារសាលារៀន និងផ្ទះជាច្រើនខ្នង។

សេចក្ដីរាយការណ៍ពីនគរបាលមូលដ្ឋានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋយ៉ាងហោច៨ខ្នង និងសាលារៀនមួយខ្នងនៅក្នុងខេត្តត្បូងឃ្មុំបានរងការខូចខាត និងរបើកដំបូល ដោយសារខ្យល់កន្ត្រាក់។ ក្នុងនោះ ផ្ទះរងផលប៉ះពាល់រួមមាន ១-ផ្ទះឈ្មោះ ភី ខៀន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ផ្ទះទំហំ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ត្រូវដួលរលំខូចខាតទាំងស្រុង, ២-ផ្ទះឈ្មោះ ពុំ ប៉ោ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិវាលកណ្តៀង ឃុំជប់ ផ្ទះទំហំ៦គុណ១១ម៉ែត្រ ធ្វើអំពីឈើបានរងខូចខាតដំបូលផ្ទះបាយទាំងស្រុង, ៣-ផ្ទះឈ្មោះ សុខ សោម ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិវាលកណ្តៀង ឃុំជប់ ផ្ទះទំហំ៤គុណ៧ម៉ែត្រ ធ្វើអំពីដែក ដួលរាបដល់ដី និងទី៤-ខ្យល់ធ្វើឲ្យរបើកដំបូលអគារសិក្សាមួយខ្នង នៃវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង ខូចខាតអស់៥០ភាគរយ។

នៅថ្ងៃដដែលនេះ ខ្យល់ព្យុះក៏បានវាយប្រហារ បណ្ដាលឲ្យរលំផ្ទះចំនួន៥ខ្នងផ្សេងទៀត នៅស្រុកត្បូងឃ្មុំ ដែលមាន ១-ឈ្មោះ មិន សារិត ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ៤គុណ៥ម៉ែត្រ បណ្ដាលឲ្យរបើកដំបូល ២-ឈ្មោះ ខន ឃាន់ ភេទស្រី អាយុ៤១ឆ្នាំ ផ្ទះទំហំ៤គុណ៥ម៉ែត្រ របើកដំបូល ៣-ឈ្មោះ ចក់ យន់ ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះទំហំ៦គុណ៧ម៉ែត្រ របើកដំបូល ៤-ឈ្មោះ សៀក ប៉េងស៊ីម ភេទប្រុស អាយុ៦៥ឆ្នាំ ផ្ទះទំហំ៧គុណ៨ម៉ែត្រ និងទី៥-ឈ្មោះ សៀង ឆេង ភេទស្រី អាយុ៤២ឆ្នាំ ផ្ទះទំហំ៤,៥គុណ៤ម៉ែត្រ រងការខូចខាតទាំងស្រុង។

សេចក្ដីរាយការណ៍ក៏បានឲ្យដឹងពីករណីរន្ទះបាញ់សម្លាប់មនុស្សម្នាក់ នៅវេលាម៉ោង៤និង២០នាទី នៅចំណុចវាលស្រែភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ ស្រៀង ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាងសារ ឃុំគរ ស្រុកត្បូងឃ្មុំ។

នៅខេត្តកំពង់ចាម ភ្លៀងកក់ខែមួយមេធំ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានបោកបក់មកលើលំនៅឋានប្រជាពលរដ្ឋ ដែលបង្កឲ្យមានផលប៉ះពាល់ក្នុងស្រុកចំនួន២ ក្នុងនោះ ស្រុកចំការលើ បណ្តាលឲ្យខូចខាតផ្ទះចំនួន៦ខ្នង និងស្រុកជើងព្រៃ បណ្តាលឲ្យផ្ទះចំនួន១៤ខ្នរងការខូចខាត ។ គ្រោះធម្មជាតិនេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន ក៏បានរាយការណ៍ទៅកាកបាទក្រហមកម្ពុជា ឲ្យចុះមកពិនិត្យមើលពីទំហំការខូចខាត ដើម្បីត្រៀមធ្វើការសង្គ្រោះពលរដ្ឋផងដែរ៕ ហេង សូរិយា


ចែករំលែក៖