ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បានសម្រាលកូនស្រីទី៤នៅលើកំណាត់ផ្លូវជាតិលេខ៥៥ទាំងកណ្ដាលអធ្រាត្រ កម្លាំងកងរាជអាវុធហត្ថចុះល្បាតប្រទះឃើញជួយអន្តរាគមន៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ចេញល្បាតពេលយប់ប្រទះឃើញស្រី្តម្នាក់ កំពុងសម្រាលកូននៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ទាំងកណ្ដាលអធ្រាត្រ គួរឲ្យអាណិតអាសូរពន់ពេក នៅពេលពួកគាត់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងមានគ្នាបីនាក់ ខណៈក៏បានជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ស្រ្តីសម្រាលកូនទាំងកណ្ដាលអធ្រាត្រនៅលើដងផ្លូវនោះ ឈ្មោះ ឯល នឿន អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រីបន្តថា នៅគ្រាដែលរូបលោកផ្ទល់ និងកម្លាំងបានចេញល្បាតនូវពេលយប់ ស្រាប់តែប្រទះឃើញស្រ្តីខាងលើកំពុងសម្រាលកូននៅទីនោះ ទាំងកណ្ដាលយប់អធ្រាត្រងងឹតឈឹង រួមជាមួយអ្នករួមដំណើរម្នាក់ទៀត និងប្តីគាត់កំពុងជិះម៉ូតូចុះឡើងៗ ដើម្បីស្វែងរកគ្រូពេទ្យមកជួយ ខណៈនោះលោក និងកងកម្លាំងបានជួយអន្តរាគមន៍ភ្លាមៗ ដោយទំនាក់ទំនងទៅក្រុមគ្រួពេទ្យមណ្ឌសុខភាពសំរោង ដើម្បីមកដឹកស្រ្តីសម្រាលកូនយកមកមណ្ឌលសម្អាតភ្លាមៗនោះដែរ។

លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបន្តទៀតថា តាមការឲ្យដឹងពីស្រ្តីនោះប្រាប់ថា នេះជាកូនទី ០៤ ហើយជាកូនស្រី រហូតដល់ម៉ោងនេះគាត់មានសុខភាពល្អទាំងម្ដាយទាំងកូន ហើយអ្វីដែលបានសម្រាលកូននៅតាមផ្លូវបែបនេះនោះ ដោយសារគាត់ត្រឡប់មកពីចំការរួមដំណើរជាមួយប្តី និងបងប្អូនម្នាក់ទៀតដោយម៉ូតូ ក្នុងគោលបំណងទៅផ្ទះ ក៏បានសម្រាលកូននៅផ្លូវបែបនេះ ៕ ប៉ឹម ពិន


ចែករំលែក៖