ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់៤០ក្បាល ដឹកតាមរថយន្តធុនធំ១គ្រឿង ដែលគេសង្ស័យនាំចេញពីប្រទេសវៀតណាមខុសច្បាប់ ចូលមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានមន្រ្តីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្រ្កាប ហើយនាំរថយន្តដឹកផ្ទុកជ្រូកនោះ ត្រូវបាននាំមកមន្ទីរកសិកម្មខេត្តដើម្បីត្រួតពិនិត្យនិងធ្វើតេស្តិ៍រកជំងឺឆ្លង ។
ការបង្រ្កាបជ្រូករស់នាំចូលពីប្រទេសវៀតណាម ពីសំណាក់មន្រ្តីពេទ្យសត្វខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅក្រុងប៉ោយប៉ែត ទន្ទឹមដែលរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អំពាវ និងបញ្ជាឱ្យមានការទប់ស្កាត់រាល់ការនាំចូលសត្វរស់និង ផលិតផលសត្វ ពីប្រទេសជិតខាងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងវិធានការរិតបន្តឹងដើម្បីបង្ការទប់ស្កាត់បញ្ហាជំងឺឆ្លងពីសត្វរស់ និងផលិផលសត្វ នាំចូលខុសច្បាប់ ក្នុងប្រទេសកម្ពុជា ។
ការនាំចូលសត្វរស់ និងនាំចូលផលិផលសត្វពីប្រទេសជិតខាងខុសច្បាប់គ្មានការត្រួតពិនិត្យត្រឹមត្រូវ។
ត្រូវគេមើលឃើញថា នៅតែជាបញ្ហាប្រឈមដែលឈ្មួញខិលខូចបន្តលួចលាក់នាំចូលខុសច្បាប់ ដោយគេដាក់ការសង្ស័យថា អាចនិងមានការឃុបឃិតជាមួយ និងមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនផងដែរ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ក្រោយពីការឃាត់រថយន្តដឹកផ្ទុកជ្រូកខាងលើរួចមក មន្រ្តីជំនាញត្រួតពិនិត្យឯកសារពីឈ្មួញអ្នកនាំចូលសត្វជ្រូកទាំងនោះ គឺមិនមានឯកសារអ្វីនោះឡើយ ។
ការដឹកជញ្ជូននាំចូលសត្វជ្រូកគ្មានច្បាប់ទម្លាប់នោះទេ ។ មន្រ្តីជំនាញក៏បានធ្វើតេស្ថឈាមសត្វជ្រូកទាំងនោះដើម្បីផ្ញើទៅពិនិត្យវិភាគរកជំងឺឆ្លង នៅអគ្គនាយកដ្ឋាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មកដល់ពេលនេះពិនិត្យនិងវិភាគរកឃើញថា សត្វជ្រូកទាំងនោះ គ្មានផ្ទុកវិរុសជំងឺឆ្លងប្រភេទ ជំងឺជ្រូកត្រចៀកខៀវ រឺ វិរុសប៉េស្ថនោះឡើយ ។ មន្រ្តីជំនាញក៏បានអនុវត្តទៅលើឈ្មួញដែលនាំសត្វជ្រូកខាងលើទៅតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា