ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័ពន្លះអ្នកជិះម៉ូតូពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវជន២នាក់ស្លាប់ និងរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តហាយឡែនឌ័បើកបុកពីក្រោយស្របទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បណ្ដាលឲ្យបែកក្បាលហូរឈាមលើផ្លូវជាតិគួរអោយរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៧និ១៣៨ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនកើតហេតុមាន-រថយន្ត ម៉ាក ហាយឡែនដ័រ ពណ៌ ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ ២U៧៨៩៨ បើកបរដោយឈ្មោះ ណុប ប៊ុនលី ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីពន្ធនាគារស់នៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ដោយធ្វើដំណើរពីទិសលិចទៅកើត ហើយកដល់ចំណុចខាងលើស្រាប់តែបានទៅបុកម៉ូតូ ម៉ាក ហុងដា សេ១២៥សេរីឆ្នាំ២០១៣ពណ៌ ខ្មៅ អត់ស្លាកលេខពីក្រោយក្នុងទិសដៅស្របគ្នាពេញទំហឹងលាន់សូដូចរន្ទះបណ្ដាលអោយយុវជន ឈ្មោះ ប្រាក់ សារ៉េត អាយុ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ និងបានឌុបអ្នករួមដំណើរ ឈ្មោះ សន សុជាតិ អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ជប់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពបន្តថា ក្រោយមក បន្ទាប់ពីឃើញសភាពការណ៍មិនស្រួល អ្នកបើករថយន្តបង្កបានរត់គេចខ្លួនភ្លាមៗ បន្សល់រថយន្តនិងម៉ូតូព្រមទាំងមនុស្សរណូករណែលពេញផ្លូវ ។

សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចនគរបាលបានវាស់វែង និងអូសយកទៅរក្សានៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖