ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សក្មេងចាស់ប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាលៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៥នាក់ទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះ​ថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ភាគីម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC-2728 បើកបរដោយជនមិនស្គាល់អត្ត​សញ្ញាណ ក្រោយពីកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ម៉ូតូមួយ​គ្រឿងទៀតម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FK-2163 បើកបរដោយឈ្មោះ ឈុំ ស្រីពៅ ភេទស្រី អាយុ៤២ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល និងមានអ្នករួមដំណើរជាមួយ២នាក់ ទី១-ឈ្មោះ វិបុល ស្រីលាប ភេទស្រី អាយុ០៦ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ វិបុល ស្រីហេង ភេទស្រី អាយុ០៤ឆ្នាំ (របួសស្រាល) ។ ទាំង២នាក់​នេះជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីម៉ូតូទាំង២គ្រឿងនេះបើកបុកគ្នាដួលនៅលើផ្លូវក៏​ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-1815 បើកបរដោយឈ្មោះ គង់ ចាន់មេតា ភេទប្រុស អាយុ17ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល បើកទៅបុកបន្ថែម ។

ប្រភពដដែលបានបន្តទៀតថា ដំបូងសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាលេខភ្នំពេញ1BC-2728 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ​៦ ជ្រុលទៅបុកគូថម៉ូតូម៉ាកហុងដាគុប ដែលកំពុងបើកបរស្របទិសគ្នាពេញមួយទំហឹង បណ្តា​លឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវ ស្របពេលនោះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-1815 បើកមកដល់ជាន់ហ្វ្រាំងមិនជាប់ក៏បុក​បន្ថែម​ទៅ​លើម៉ូតូទាំង២គ្រឿង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿង ត្រូវបានបញ្ជូនទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖