ខេត្តស្ទឹងត្រែង៖ កាកបាតក្រហមកម្ពុជាខេត្តស្ទឹងត្រែង ទទួលបានថវិកាពីសប្បុរសជនបាន ជាង២ម៉ឺនដុល្លារ និងប្រាក់រៀលជាង១២២លានរៀលសម្រាប់បម្រើវិស័យមនុស្សធម៌ឲ្យចំគោលដៅ ។
នៅក្នុងមិទ្ទិញប្រារព្វខួបលើកទី១៥៤ ទិវាកាកបាតក្រហមកម្ពុជា ថ្ងៃទី៣ ខែឧសភា នៅខេត្តស្ទឹងត្រែង លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ទឹកចិត្តមនុស្សធម៌ពិតជាមានតំលៃសំរាប់ បងប្អូនជនក្រីក្រ ដូចនេះមន្ត្រីកាកបាតក្រហមត្រូវយកថវិកាដែលប្រមូលបានយកទៅប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌ និងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយនានា នៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍បន្ថែមថាៈ កម្លាំងមនុស្សធម៌ផ្តល់នូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ជនរងគ្រោះទាំងឡាយ ជាពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រារ អ្នកផ្ទុកមេរោគអេដស៍ ស្រីមានផ្ទៃពោះ ទារក កុមារ មានបញ្ហាសុខភាពជាដើម ។
លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែងបានថ្លែងនូវការកោតសរសើរចំពោះ លោក លោកស្រី លោកឧកញ៉ា ថ្នាក់ដឹកនាំ បងប្អូន អាជីវករសប្បុរសជននានានៅក្នុងខេត្តស្ទឹងត្រែង បានប្រកាន់ខ្ជាប់នូវប្រពៃណីល្អ ផ្នែកមនុស្សធម៌ បានជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជួយដល់កាកបាតប្រហម។
លោកអភិបាលខេត្តប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍បន្ថែមថា៖ នេះជាគោលការណ៍របស់កាកបាតក្រហម ពីព្រោះការងារកាកបាតក្រហមគឺ អនុវត្តគោលការណ៏គ្រិះទាំង៧ ដោយឥតរើសអើង និងមិនប្រកាន់វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ហើយឆ្នាំនេះ កាកបាតក្រហមកម្ពុជាបានដាក់ចេញនូវប្រធានបទ «កាកបាតក្រហមកម្ពុជាមានគ្រប់ទីកន្លែងសំរាប់គ្រប់គ្នា» ។
សូមបញ្ជាក់ថា: ឆ្នាំនេះកាកបាតក្រហមទទួលបានថវិកាច្រើនជាងឆ្នាំ២០១៦ ប្រមាណជាង២០ភាគរយ ហើយកាកបាតក្រហមខេត្តនឹងប្រើប្រាស់ថវិកានេះជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ទៅតាមតម្រូវការរបស់ពួគគាត់ ៕ មាស សុផាត