ភ្នំពេញៈ នគរបាលប៉ុស្ត៍ឃ្មួញឃាត់ខ្លួនមន្ត្រីក្រសួងអប់រំម្នាក់ តាមបណ្តឹងចោទរបស់ប្រជាជនម្នាក់ ពាក់ព័ន្ឋនឹងការទិញទំនិញជិត១ម៉ឺនដុល្លារមិនឲ្យលុយ ឆបោកតាមរយៈរូបភាពការផ្តល់ជាមូលប្បទានប័ត្រ(សែក) ដែលគ្មានទឹកប្រាក់តាមការសន្យា ។
ជនជាប់ចោទខាងលើឈ្មោះ ង៉ោ ប៉េងអាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបំរើការងារនៅក្រសួងអប់រំ មានទីលំនៅផ្ទះលេខ៣៣ ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ហើយការចាប់ខ្លួននេះធ្វើឡើងកាលពីម៉ោង២១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោក ហន សេងហ៊ាន អាយុ២៩ឆ្នាំ មានទីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ដែលជាដើមបណ្តឹង និងជាជនរងគ្រោះ លើកឡើងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤ និង៣០នាទី ឈ្មោះ ង៉ោ ប៉េងអាន បានមកទិញដែករបស់គាត់(ហន សេងហ៊ាន) នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ដោយគិតទូទាត់ជាលុយ ចំនួន៧២១៦ដុល្លារ អាមេរិក ។ នៅពេលនោះ ជនរូបនេះបាន ផ្តល់លុយតាមរយៈមូលប្បទានប័ត្រ (សែក)វិញ ដោយបានប្រាប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ទើបមានលុយនៅក្នុងលេខកូដសែកនេះ ដែលអាចបើកយកលុយបាន នៅធនាគារ។
ជនរងគ្រោះបានបញ្ជាក់ថា លុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ពេលយកសែកនេះទៅបើកលុយពីធនាគារ ត្រូវបានខាងធនាគារ គេប្រាប់ថា សែកនេះគ្មានទឹកលុយទេ មិនអាចបើកបានឡើយ ។ នៅពេលទទួលបានពត៌មានដូច្នេះពីធនាគារ ភ្លាមក៏មានខឹង និងសង្ស័យ ក៏ទៅហៅជនជាប់ចោទមកសួរនាំដោះស្រាយ រឿងសែកអត់លុយ នេះគ្មានលុយសងថ្លៃទិញដែក ទើប មកកាន់ប៉ុស្តិ៍ប៉ូលិស មូលដ្ឋាន ចាត់ការតាមច្បាប់តែម្តង៕ តុង សីហា