ខេត្តពោធិ៍សាត់៖ ពិធីអបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ឆ្នាំ២០១៧ អញ្ជើញចូលរួមដោយ អភិបាលរងខេត្ត មន្ត្រីរាជការតាមបណ្ដាមន្ទីរនានា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីមានសមត្ថកិច្ច ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីខាងលើប្រារព្ធឡើងនាព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅតារាងបាល់ទាត់ ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី ឆាយ ភន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងអំពីការគ្រោះថ្នាក់ដោយសារអគ្គិភ័យក្នុងឆ្នាំ២០១៦ បើប្រៀបធៀបនឹងឆ្នាំ២០១៥ មានការកើនឡើងចំនួន ៦លើក។
ដោយឡែករយៈពេលចំនួន ៣ខែ ដើមឆ្នាំ២០១៧នេះ មានអគ្គិភ័យកើតឡើងចំនួន ៧លើក នៅក្រុងពោធិ៍សាត់ចំនួន ១លើក ស្រុកភ្នំក្រវាញចំនួន ៣លើក ស្រុកបាកានចំនួន ២លើក និងស្រុកក្រគរចំនួន ១លើក ហើយឆេះផ្ទះចំនួន ៥ខ្នង ឆេះឡសំងួតស្រូវចំនួន ១ ឆេះតូបលក់អីវ៉ាន់ និងស្នាក់នៅចំនួន ៣តូប ដែលភាគច្រើនបណ្តាលមកពីកត្តាឆ្លងចរន្តអគ្គិសនី កត្តាធ្វេសប្រហែស កត្តាភ្លើងឆេះព្រៃ។
ជាបន្តលោក ខូយ រីដា បានថ្លែងដែរថាអំពីការកោតសរសើរចំពោះកម្លាំងមន្រ្តីជំនាញអគ្គិភ័យ និងស្ថាប័នពាក់ព័ន្ធដែលបានលះបង់ខ្ពស់ និងសហការគ្នាបានល្អប្រសើរ ក្នុងការអន្តរាគមន៍ ចុះប្រតិបត្តិការពន្លត់អគ្គីភ័យ ដែលទប់ស្កាត់ក្នុងការបង្កជាវិនាសកម្មផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ស្របពេលដែលខេត្តពោធិ៍សាត់កំពុងមានការរីកចម្រើន ផ្នែកសំណង់ រោងចក្រ សណ្ឋាគារ សហគ្រាស គ្រឹះស្ថាន អគារផ្ទះល្វែងជាបន្តបន្ទាប់ ហើយលោកបានអំពាវនាវដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងលើកឡើងអំពីបង្ការ និងពន្លត់អគ្គីភ័យ នៅពេលកើតមានឡើងជាយថាហេតុ ជៀសវាងការគ្រោះថ្នាក់ផ្សេងៗ៕ ប៉ឹម ពិន