ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាផង ធ្វើជាសន្តិសុខស៊ីឈ្នួលយាមផ្ទះឲ្យគេផង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើប៉ៅអីឈើ ដោយសារជំងឺគាំងបេះដូង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៩៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាកសព ត្រូវបានគេស្គាល់ឈ្មោះ ឆាយ ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធា និងជាបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុន D S P security co,ltd មានស្រុកកំណើតនៅ ភូមិ ព្រៃស្វាយ ឃុំ ចុងអំពិល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។
បើតាមស្ត្រីម្នាក់ ជាម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា គាត់បានទំនាក់ទំនងក្រុមហ៊ុនសន្តិសុខ DSP រកបុគ្គលិកមកជួលយាមផ្ទះរបស់គាត់ ហើយជនរងគ្រោះ(សព) ឈ្មោះ ឆាយ ដារ៉ា បានមកយាមផ្ទះគាត់រាល់យប់ ។ នៅព្រឹកថ្ងៃកើតហេតុ គាត់បានលឺស្នូរគេចុចកណ្តឹងនៅទ្វាររបង គាត់ក៏ចុះមកហៅឲ្យសន្តិសុខ នេះទៅបើកទ្វារ តែគេមិនភ្ញាក់ ក៏ដើរទៅចាប់អង្រួន ក៏ស្រាប់តែរឹងក្រញង់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអង្គភាពគេ និងប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកត្រួតពិនិត្យសាកសពតាមច្បាប់ ។
សាកសពត្រូវបានមន្ត្រីជំនាញរបស់សមត្ថកិច្ច សន្និដ្ឋានថា គាត់ស្លាប់ដោយជំងឺខ្យល់គរ ឬគាំងបេះដូង ពុំមានពាក់ព័ន្ឋក្នុងអំពើមនុស្សឃាតអ្វីទេ ហើយបានយកសពទៅដំកល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ តុង សីហា