ភ្នំពេញ៖ ក្មេងស្ទាវៗចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធការរក្សាទុក និងចរាចរថ្នាំញៀនខុសច្បាប់ កាលពីម៉ោង២២ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវម៉ុងឫទ្ឋី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រុមជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើនោះ មាន១/ឈ្មោះ ឃុត ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ។ ២/ ឈ្មោះ រីន សុខគា អាយុ២៥ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ៣/ ឈ្មោះ ធឿន ធី អាយុ២២ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប៉ូលិសនិយាយថា សមត្ថកិច្ចបានប្រទះឃើញមានក្រុមក្មេងស្ទាវ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ៊្សុយគី និក ស្លាកលេខ កណ្តាល 1P1664 បើកបរដោយឈ្មោះ ឃុត ចំរើន និងឈ្មោះ រីន សុខគា ជិះខាងក្រោយ នៅវេលាម៉ោង២២ ថ្ងៃទី០៤ ខែឧសភា មានការសង្ស័យឃាត់ឲ្យឈប់ត្រួតពិនិត្យ ពុំឃើញអ្វីទេ ។ ក្រោយមក ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក MSX គ្មានស្លាកលេខ ជិះតែម្នាក់ឯងបើកបរដោយឈ្មោះ ធឿន ធី ក៏ឃាត់ត្រួតពិនិត្យប្រទះឃើញមានថ្នាំញៀនចំនួន២កញ្ចប់ នៅក្នុងហោប៉ៅ ទើបឃាត់ខ្លួនតែម្តង។
ចំណែកជន២នាក់ផ្សេងទៀតដែលឃាត់ឆែកឆេរពុំឃើញមានអ្វី ក៏ត្រូវបាននាំខ្លួនយកមកត្រួតពិនិត្យទឹកនោមដែរ ហើយលទ្ធផលពួកគេមានផ្ទុកសារធាតុថ្នាំញៀននៅក្នុងខ្លួន ទើបឃាត់ខ្លួនទាំងអស់គ្នាតែម្តង ដោយចោទប្រកាន់ថា ពួកគេទាំង៣នាក់ ប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ និងត្រៀមបញ្ជូនទៅតុលាការ៕ តុង សីហា