ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម៉ាស្សាម្នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងបុរសម្នាក់ ខណៈចូលម៉ាស្សានៅទីតាំងខាងលើ ហើយពេលរួចរាល់ចេញមកវិញ ស្រាប់តែលុយចំនួន៦០០ដុល្លារក្នុងកាបូបសុទ្ធតែលុយខ្មោច ចំណែកលុយពិតប្រាកដបានបាត់អស់ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយមកទីតាំងខាងលើបានបិទទ្វារ លុះព្រឹកឡើង ទើបបើកប្រកបអាជីវកម្មវិញ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលើតែម្តង។
ស្រ្តីម្នាក់ ដែលនគរបាលហៅមកសាកសួរ មានឈ្មោះថា ហេង ធូ អាយុ៣០ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ស្នាក់នៅទីតាំងខាងលើ មានស្រុក កំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរ បុរី ខេត្តតាកែវ ។
ចំណែកអ្នកធ្វើសកម្មភាពលួចលុយភ្ញៀវនោះមានឈ្មោះថា សៅ សុខហេង អាយុ១៨ ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ស្នាក់នៅផ្ទះលេខ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើតភូមិពាមរក៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯជនរងគ្រោះ មិនត្រូវបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ គ្រាន់តែបញ្ជាក់ថា លុយបាត់បង់ដោយសារស្រីម៉ាស្សាលួច ចំនួន៧០០ដុល្លារហើយបានដាក់ដុល្លារសែនខ្មោចឲ្យវិញ ៦០០ដុល្លារ ។
នៅចំពោះមុខសមត្ថកិច្ចស្រ្តីម៉ាស្សា ឈ្មោះ ហេង ធូ ពុំទទួលដឹងឮរឿងបាត់បង់លុយភ្ញៀវខាងលើនេះទេ ហើយបាននិយាយថា អ្នកណាប្រព្រឹត្តអ្នកនោះទទួលខុសត្រូវ ។
ទោះជាយ៉ាងណាការប្រកែកមិនទទួលខុសនោះ គឺជាការដោះសារដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។
បើតាមការបង្ហើបពីប្រជាលរដ្ឋបានឲ្យដឹងថា កន្លងមកនារីខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ខាងតុលាការមិនបានឃាត់ ឬឃុំខ្លួនអ្វីដែរ បែរជាដោះលែង ហើយមកប្រកបរបរវិញដដែល ។
ក្រោយពីសាកសួរ ដោយសារតែស្ត្រីម៉ាស្សាខាងលើមិនព្រមទទួលខុស ទើបសមត្ថកិច្ចមូលដ្ឋានបានសម្រេចបិទអាជីវកម្មតែម្តង ព្រោះទីតាំងខាងលើ តែងតែប្រព្រឹត្តអំពើដូចខាងលើ ៕ សុខាសែនជ័យ