ភ្នំពេញ ៖ ស្ទើរតែមិនគួរឲ្យជឿ គ្រាដែលគូស្នេហ៍មួយគូខំសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នាជាងមួយឆ្នាំ ហើយមកដល់ពេលនេះគ្រាន់តែគូស្នេហ៍ខាងស្រីសួរទៅភាគីបុរសថា ហេតុអីបងសុំបែកពីអូន ? ធ្វើឲ្យភាគីបុរសមានកំហឹង វាយទាត់ធាក់នាងរបួសធ្ងន់ផ្តាច់ស្នេហ៍តែមួយប៉្រេចភ្នែក។ ទីបំផុតដោយសារទ្រាំការឈឺចាប់នឹងប្រុសស្នេហ៍ប្រើហិង្សានិងចង់ផ្តាច់ស្នេហ៍នោះ នាងជាសង្សារបានរត់ទៅដាក់បណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឱ្យជួយរកយុត្តិធម៌កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ ឧសភា បន្ទាប់ពីរឿងហេតុនេះកើតមានតាំងពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៧ មកម៉្លេះ ។
តាមប្រភពព័ត៌មានពីមន្រី្តនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់ឱ្យដឹងថា នារីរងគ្រោះឈ្មោះ ឡោ គីមយីន ហៅពីន អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៦C ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រីឯបុរសជាសង្សារឈ្មោះ ខុង ចំរ៉ុង អាយុ២៧ឆ្នាំ មានទីលំនៅម្តុំវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគឺនៅអំឡុងម៉ោង៦និង៥០នាទីល្ងាច ថ្ងៃទី២ ឧសភាឆ្នាំ២០១៧ កន្លងមកនេះ ក្រោយពីបានស្គាល់គ្នាជាសង្សារអស់រយៈពេលជាងមួយឆ្នាំមកហើយ នារីរងគ្រោះបានដឹងថា បុរសជាសង្សារចង់បែកផ្លូវពីខ្លួន ក៏បានណាត់គ្នាជួបដើម្បីនិយាយជជែកឱ្យដឹងរឿងនៅផ្សារទំនើបអ៊ីអនគ្រាដែលនាងឈប់ធ្វើការនៅអង្គភាពជាមួយគូស្នហ៍ជាងពីរខែមកហើយនោះ ។ នៅពេលដែលបានជួបគ្នាហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរលេងនៅលើផ្សារអីុអនបានមួយសន្ទុះធំ រួចក៏បានចុះមកកន្លែងចតម៉ូតូនៅជាន់ខាងក្រោមវិញ ។ នៅពេលនោះនាងក៏សួរថា ហេតុអ្វីបានជាបងឯងចង់បែកពីខ្ញុំ? ស្រាប់តែបុរសនោះឆ្លើយថា រូបខ្ញុំមិនចង់រួមជីវិតជាមួយនាងទេ ។ ក្រោយពេលដែលបុរសជាសង្សារនិយាយបែបនេះហើយកគេក៏ដើរចេញទៅ តែភ្លាមនោះ នាងមិនអស់ចិត្តក៏ដើរតាមទៅជជីកសួរថា តើអូនខុសអីបានជាបងធ្វើដូច្នេះ បងនិយាយឲ្យអូនដឹងផងមើល ? មិនទាន់បានអីផង ស្រាប់តែបុរសជាសង្សារបានប្រើអំពើហិង្សាទៅលើនាងដោយវាយទាត់ធាក់កណ្តាលហ្វូងមនុស្សជាច្រើននៅកន្លែងដាក់កង់ម៉ូតូ និងបណ្តាលឱ្យនាងរងរបួសត្រង់ស្មងជើងទាំងពីរ និងដៃម្ខាងមានស្នាមជាំខ្មៅយ៉ាងដំណំ ។ ក្រោយពេលកើតហេតុបានមួយថ្ងៃទើបនាងរត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឱ្យជួយរកយុត្តិធម៌ ហើយគេមិនដឹងថា សមត្ថកិច្ចអាចរំលត់ភ្លើងស្នេហ៍មួយគូនេះដោយនីតិវិធីណាទេ ។
យ៉ាងណានៅក្នុងហ្វេសប៊ុករបស់នារីរងគ្រោះ គេឃើញម្ចាស់អាក់ខោនរូបនេះ មានរូបសម្ផស្សស្រស់ ស្អាត ស្ទើរមិនចាញ់តួកុនឡើយ ។ នៅក្នុងនោះនាងបានបង្ហាញរូបភាពស្នាមជាំខៀវរបួសជើងទាំងពីរដោយសារបុរសជាសង្សារវាយធ្វើបាបមើលទៅគួរឲ្យអាណិត ហើយនាងសរសេរថា «ការឈឺចាប់មួយនេះខ្ញុំនឹងឲ្យឯងសងខ្ញុំលើសពីអ្វីដែរឯងស្មានមិនដល់» រីឯអ្នកញ្ចេញមិតវិញមានច្រើនបានសរសេររិះគន់បុរសជាសង្សារ មានជាអាទិ៍ថា «សា្អតប៉ុណ្ណឹងហើយនៅមានគេធ្វើបាបទៀត មិនថាយើងត្រូវឬក៏គេខុសោះនោះទេ។ ទោះបីខ្ញុំមិនសា្អត មិនមានលុយដូចសង្សារយើង ក៏ខ្ញុំមិនលើកដែវ៉ៃមនុស្សស្រីនាំតែថោកទាបដែរ។ ខូចអស់ប្រុសដទៃ ដោយសារតែមានមនុស្សប្រុសចរិតថោកអីចឹង …៕ ប្រាថ្នា