ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបន្ទាយមានជ័យរងគ្រោះដោយខ្យល់កន្រ្តាក់បានបង្កឲ្យផ្ទះប្រជាពលរដ្ឋសរុប២៨៣ខ្នងរងការខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយជ័យបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ(ព័ត៌មានបឋម)រងគ្រោះសរុប២៨៣ខ្នង រងការខូចខាតធ្ងន់ និងស្រាល ក្រោយពីមានខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងលាយឡំជាមួយនឹងភ្លៀងផ្គររន្ទះ ប៉ះចំខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។

ខ្យល់កន្រ្តាក់នោះ មិនមានសេចក្តីរាយការណ៍ពីបញ្ហាបង្កការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ ខ្យល់កន្រ្តាក់បានប៉ះពាល់ទៅលើស្រុកចំនួន៥ រួមមានស្រុកថ្មពួក ស្វាយចេក ភ្នំស្រុក ស្រុកមង្គលបុរី និងស្រុកព្រះនេត្រព្រះ ក្នុងចំណោមស្រុកទាំង៥នោះ ស្រុកដែលរងគ្រោះធ្ងន់ជាងគេគឺស្រុកថ្មពួក បង្កឱ្យផ្ទះប្រជាពលរដ្ឋរហូតចំនួន២៧៧ខ្នង នៅឃុំបន្ទាយមានឫទ្ធិ រងការខូចខាតធ្ងន់ និងស្រាល ដោយផ្ទះខ្លួះរបើកដំបូល ប៉ើងតាមខ្យល់រាប់សិបម៉ែត្រ ផ្ទះខ្លះទៀតត្រូវដើមឈើធំរលំដួលសង្កត់ និងផ្ទះមួយចំនួនដួលបាក់រាបដល់ដី។ ចំណែកស្រុក៤ទៀត គ្រាន់តែរងការខូចខាតផ្ទះ១ទៅ២ខ្នងប៉ុណ្ណោះ ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ក្រោយពីមានខ្យល់កន្ត្រាក់បង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋខាងលើ គេសង្កេតឃើញនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលរាប់សិបនាក់ចុះទៅស្រុកថ្មពួក ដើម្បីទៅជួយអន្តរាគមន៍រុះរើ និងកសាងជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះឡើងវិញ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងប្រឈមបាត់បង់ទីជម្រក ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំនូវអំណោយ និងសម្ភារឧបករណ៍មួយចំនួនជួយសង្រ្គោះជាបឋមយកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដែលផ្ទះបងប្អូនខ្លះបានរងការខូចខាតធ្ងន់នោះ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យនៅដើមឆ្នាំ២០១៧ បានរងគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់ផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម មួយចំនួនធំ បានរងការខូចផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖