ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការបញ្ជាឱ្យយកយុវជនជាប់ចោទកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជានៅស្រុកកំរៀងដាក់ពន្ធនាគារ រង់ចាំការស្រាវជ្រាវស៊ើបអង្កេតបន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់សង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា នៅស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យាការអមសាលដំបូងខេត្តបាត់ដំបង បញ្ជាឱ្យសមត្ថកិច្ចនាំយកទៅឃុំខ្លួននៅក្នុងពន្ធនាគារនោះ ហើយ ដោយរង់ចាំបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតបន្តទៀត ទៅលើករណីកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា។ ពីព្រោះមានសេចក្តីរាយការណ៍ដឹងទៀតថា ស្លាកគណបក្សប្រជាជនកម្ពុជានៅស្រុកកំរៀងបានរងការកាប់បំផ្លាញពីជនមិនស្គាល់មុខ ២ទៅ៣ករណីមកហើយ ទើបលើកចុងក្រោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។ បញ្ហានេះ សមត្ថកិច្ចមានការសង្ស័យខ្លាចក្រែងមានអ្នកនៅបញ្ជាពីក្រោយខ្នង ឱ្យមានការបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា នៅតាមតីផ្លូវសាធារណៈ គ្រាដែលឱកាសនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ នៅសល់តែ១ខែទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ផាត សុភាព អាយុ២៤ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិ១៨ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងចាប់ឃាត់ខ្លួន និងដកហូតកាំបិតដងវែង១ដើម ក្រោយពីជននេះបានធ្វើសកម្មភាពកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា១ផ្ទាំង កាលពីវេលាម៉ោង៧ យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជននេះបានឆ្លើយសារភាពថា ការដែលធ្វើដូច្នេះ មកពីរូបគេខឹងសង្សារទើបបញ្ចេញកំហឹងទៅកាប់បំផ្លាញគណបក្សប្រជាជនកម្ពុជា។

ជនត្រូវចោទឈ្មោះ ផាត សុភាព បានរងការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា នៃមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌបើតុលាការរកឃើញកំហុសថា ពិតជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នោះមែន និងរងការជាប់ពន្ធនាគារ២ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត ៕ សំ វិច្ឆិកា


ចែករំលែក៖