ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនក្នុងករណីរំលោភលើទំនុកចិត្ដ បន្ទាប់ពីបុរសរូបនេះផឹកស៊ីជាមួយបក្ខពួកស្រវឹងបែកគំនិតខ្ចីចិញ្ចៀនគេយកមកពាក់លលេង រួចគេចខ្លួន ខណៈម្ចាស់គេសួររកយកមកវិញបែជាថាមិនបានយក ។
ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យូ ថេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គស្រែពោធិ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ជិ លីម ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ មានទីលំនៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សម្ភារៈបាត់បង់មានចិញ្ចៀនត្រាធ្វើអំពីមាសទម្ងន់៥ជីចំនួន១វង្ស ។
ប្រភពដដែលបន្ដថា មុនពេលកើតហេតុកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ និងសង្ស័យបានផឹកស្រាបៀជាមួយគ្នានៅមុខផ្ទះជនរងគ្រោះ លុះមកដល់ម៉ោងវេលាម៉ោង១២ថ្ងៃត្រង់ ប្រពន្ធជនរងគ្រោះបានយកចិញ្ចៀនត្រាដែលធ្វើអំពីមាសមកអោយប្តីពាក់ដើម្បីទៅចូលរួមក្នុងពិធីមង្គលការគេ ខណៈដែលយកចិញ្ចៀនមកដល់ជនសង្ស័យក៏ខ្ចីពាក់លមើល បន្ទាប់មកជនរងគ្រោះបានដើរចេញទៅខាងក្រៅផ្ទះមួយភ្លែត រួចហើយត្រឡប់ទៅវិញវិញស្រាប់តែមិនឃើញជនសង្ស័យនៅកន្លែងផឹកស៊ី ដោយរងចាំមិនឃើញជនសង្ស័យត្រឡប់មករហូតដល់វេលាម៉ោង២៣និង៣០នាទីយប់ ជនរងគ្រោះបានដើរទៅសួរជនសង្ស័យដល់ផ្ទះដោយនិយាយថា “សុំចិញ្ចៀនមាសរបស់ខ្ញុំវិញ” ភ្លាមនោះជនសង្ស័យបានបដិសេធថាខ្លួនមិនបានយកទេ ។
ដោយមានការប្រកែកមិនប្រគល់ចិញ្ចៀនទៅឲ្យជនរងគ្រោះវិញ លុះមកដល់ថ្ងៃទី១៣ខែឆ្នាំដដែលទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទួលព្រេជ រហូតមកដល់ថ្ងៃទី១៤ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជដោយជនសង្ស័យបានសារភាពថា ខ្លួនបានយកចិញ្ចៀនមាសរបស់ជនរងគ្រោះយកទៅលក់ក្នុងតម្លៃ៣០០ដុល្លារសហរដ្ឋអាមេរិចពិតប្រាកដមែន តែពុំស្គាល់អត្ដសញ្ញាណអ្នកទិញនោះទេ ៕ស្អាងជ័យ