ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានដេកដួលប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់ ដោយសារស្នាដៃបងស្រីបង្កើតបានប្រើប្រាស់កាំបិតកែច្នៃរបស់ជនរងគ្រោះ(ប្អូន) ជាអាវុធ ព្រោះតែផ្ទុះអំពើរហិង្សាមួយនៅក្នុងគ្រួសារ ដោយជន្លោះនេះផ្ដើមចេញពីសត្វមាន់ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ និង៤៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយ(វត្តរលាប) ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ ផាត ជា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។ ចំណែកឃាតកដែលបានប្រើប្រាស់កាំបិតកែច្នៃជាអាវុធត្រូវបានគេស្គាល់ឈ្មោះ ផាត មួយ ភេទស្រី អាយុ ២៩ឆ្នាំ(ចាប់ខ្លួន)សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់ជាមួយគ្នា ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ(ស្លាប់) ។
ប្រភពព័ត៌មានខាងលើបន្តថា ក្រោយកើតហេតុកម្លាំងស្ថាប័នពាក់ព័ន្ធបានចុះដល់កន្លែង ដើម្បីស្រាវជ្រាវចាប់យកវត្ថុតាងនៅក្នុងហេតុការណ៍នេះ លទ្ធផល៖ ឃើញថា មូលហេតុផ្ដើមចេញពីការទំនាស់រឿងសត្វមាន់ ខណៈដែលជនរងគ្រោះជាអ្នកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងតែងតែអុកឡុកនៅក្នុងគ្រួសារឥតស្រាកស្រាន នាពេលកន្លងមក ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះ(ផាត ជា) បានមករកចាប់សត្វមាន់ទៅធ្វើម្ហូបក្លែមជាមួយមិត្តភក្តិ ខណៈនោះបងស្រី(ឃាត់ក)ប្រាប់ថា សត្វមាន់លក់អស់ហើយដើម្បីផ្សំលុយយកទៅបង់បំណុល (អង្កការ) ទើបបង្កជាទំនាស់ទាស់ទែងគ្នាតឹងសរសៃក ឈានដល់ផ្ទុះហិង្សាបែបនេះ ។ ឃាតកដៃដល់ជា(បងស្រីបង្កើត)មានជំងឺ(ស្ត្រី)ប្រចាំកាយ ហើយបានប្រើប្រាស់កាំបិតកែច្នៃជារបស់ជនរងគ្រោះជា(ប្អូន)ជាអាវុធ បានកាប់លើប្អូនប្រុសបង្កើតច្រើនកាំបិតបណ្ដាលឲ្យជនរងគ្រោះជាប្អូនស្នាមរបួសចំនួន ១០កន្លែង ធ្វើឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់ ។
ប្រភពព័ត៌មានរាយការណ៍ដដែលខាងលើបន្តទៀតថា ជនសង្ស័យជាឃាតក សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយកទៅអធិការនគរបាលស្រុកនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន