ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធតមួយបានកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត ក្នុងនោះមានស្ត្រី១០នាក់ បានរងរបួសធ្ងន់ និងស្រាល ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង៥និង៥៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះ គីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស (ឡានបែន) ពាក់ស្លាកលេខ ភ្នំពេញ 3D.2933 មិនស្គាល់អ្នកបើកបរ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ (ឡានការ៉េ) ពាក់ស្លាកលេខ ភ្នំពេញ 2J.0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រួចរថយន្តបែន ក៏រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង (ប្រភេទទេសចរណ៍) ពាក់ស្លាកលេខ ភ្នំពេញ 2Q.4362 បើកបរពីកើតមកលិច ។
ប្រភពដដែលបន្តថា ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលមនុស្ស២១នាក់ ក្នុងនោះមានស្រី១០ ។ ជនរងគ្រោះស្លាប់៣នាក់ សុទ្ធតែភេទប្រុស និងរងរបួសធ្ងន់ស្រាល១៨នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីដោះស្រាយពេលក្រោយ ៕