ខេត្តកំពង់ចាមៈ កុមារីអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអាធ័ម ដោយសារលង់ទឹកទន្លេមេគង្គ ខណៈចុះទៅតាមអ្នមភូមិលាងប្រហុក ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចទន្លេតូច ក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឈាង ស្រីនាង អាយុ៩ឆ្នាំ មានឪពុកឈ្មោះ ពន្លក និងម្ដាយឈ្មោះ វ៉ាន់ សេងហ៊ន់ ដែលមានទីលំនៅនៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មុនពេលកើតហេតុ អ្នកភូមិបាននាំគ្នាធ្វើ ត្រីប្រហុក រួចគេយកទៅលាងសម្អាតនៅមាត់កំពង់ទន្លេតូច ពេលនោះក្មេងស្រីរងគ្រោះក៏ដើរមកជាក្មេងៗក្នុងភូមិ និងបានងូតទឹកលេងជាមួយគ្នាបណ្ដាលឲ្យ លង់ទឹកស្លាប់ ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
សមត្ថកិច្ចនគរបាលជំនាញបានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសពក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ