ខេត្តកំពត៖ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្បួនរថយន្តសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វុ៊ន ស៊ិនប៉ិចបានជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីព្រះអង្គយាងត្រឡប់ពីការជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងខេត្តកែប។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ គឺមិនប៉ះពាល់ដល់មនុស្សធ្ងន់ទេ ពោលគឺត្រឹមរបួស ស្រាលក្រឡិតដៃបន្តិចបន្តូចប៉ុណ្ណោះ ហើយរថយន្តដែលគ្រោះថ្នាក់ផ្ទាល់ គឺជារថយន្តដែលលោក ឈឹម ចំរើន អនុប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចជិះក្នុងនោះ និងមានសហការីម្នាក់ជាអ្នកបើក។
ប្រភពបានបញ្ជាក់ថា កន្លែងកើតហេតុ គឺនៅខាងមុខរថយន្តរបស់សម្ដេចក្រុមព្រះប្រមាណ៥០ទៅ១០០ម៉ែត្រ ដែលក្បួនរថយន្តបើកជាខ្សែ និងបើកភ្លើង ដែលមានរថយន្តប្រមាណជាង១០គ្រឿង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កដោយរថយន្តដឹកដីមួយគ្រឿង បានបើកកាត់ក្បួន នឹងធ្វើឲ្យរថយន្ត ដែលលោក ឈឹម ចំរើន ជិះជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិព្រៃតាព្រឹក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតបណ្ដាលឲ្យរថយន្តធ្លាក់ចូលក្នុងស្រែ បន្ទាប់មករថយន្តបង្កក៏បានបន្តល្បឿនទៅមុខប្រមាណជា២គីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់ បញ្ជូនទៅអធិការរដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីចាត់ការតាមច្បាប់។
គូរបញ្ជាក់ថា រថយន្តរបស់អនុប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច លោក ឈឹម ចំរើន ម៉ាកឡិចស៊ីច ៤៧០ ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2J-9055 ហើយក្រោយកើតហេតុសមត្ថកិច្ចបានយកឡានស្ទួចយក ចេញពីទីនោះ ខណៈរថយន្តរបស់សម្ដេច ក្រុមព្រះនិងអ្នកម្នាង និងរថយន្តក្បួនឯ ទៀតបានបន្តធ្វើដំណើរទៅមុខ៕ សហការី