ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បញ្ជាឲ្យជំនាញស៊ើបអង្កេតករណីស្លាប់មនុស្ស ឈានដល់ឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យជំនាញបើកការស៊ើបអង្កេតករណីស្លាប់មនុស្សម្នាក់ហើយត្រូវបានគេយកទៅដុតយ៉ាងស្ងាត់កំបាំងនោះ ហើយលទ្ធផល សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ។

សេចក្តីរាយការណ៍ឲ្យដឹងស្តីពីលទ្ធផលបង្រ្កាបករណីឃាតកម្មថា នៅវេលាម៉ោង១២និង៤៧នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍គោកបល្ល័ង្គ បានទទួលព័ត៌មានពីលោកមេភូមិចារថ្មី ថា នៅផ្ទះរបស់ឈ្មោះ មោក ស្វែង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិចារថ្មី មានមនុស្សស្លាប់ ឈ្មោះ មោក វេន ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាកូនបង្កើត របស់ឈ្មោះ មោក ស្វែង (ស្លាប់យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧) តែមុនពេលស្លាប់ អ្នកជិតខាងបានឮសំឡេងឈ្លោះប្រកែកគ្នាជាមួយបងប្អូនវា។ លុះព្រឹកឡើង គេឃើញ ក្រុមគ្រួសារនេះ បានយកសាកសពខាងលើទៅដុតនៅក្រោយផ្ទះស្ងាត់ៗ ពុំបានប្រាប់អ្នកជិតខាង និងរៀបចំធ្វើបុណ្យអីទេ (ដូចជាមានអាថ៌កំបាំង)។ ក្រោយដុតសពអស់ហើយ ទើបរកអាចារ្យធ្វើកិច្ចជាក្រោយ ។

ដោយមានការសង្ស័យពាក់ពន្ធ័បទល្មើសឃាតកម្ម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យជំនាញ នៃអធិការដ្ឋានបើកការស៊លបអង្កេត ជុំវិញអង្គហេតុ ។ ជាលទ្ធផល ករណីខាងលើគឺ ពិតជាករណីឃាតកម្ម ។

ឆ្លងតាមការស៊ើបអង្កេតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ និងបក្ខពួកសមគំនិតលាក់បាំងរឿងក្នងរង្វង់គ្រួសារសពចំនួន៤នាក់(ឪពុក-កូន)ដើម្បីអនុវត្តនីតិវិធី ទៅស្នងការដ្ឋាន ៕ សំ វិច្ឆិកា


ចែករំលែក៖