ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអ៊ែកឡង់ម្នាក់ ចូលទៅផឹកទឹកតែក្នុងហាងបារាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពី បុរសជនជាតិអ៊ែកឡង់ម្នាក់ ចូលទៅផឹកទឹកតែក្នុងហាងបារាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចហាងបារាំងយីហោសា សា ទីតាំងផ្ទះលេខ១ ផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះCreagh Donal Eoin ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិអ៊ែកឡង់ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៨ ខែឧសភា គេឃើញបុរសរូបនេះបានដើរចូលទៅក្នុងហាងបារាំង ហើយពេលចូលទៅដល់ជនរងគ្រោះបានហៅទឹកតែផឹក ស្រាប់តែផឹកបានមួយកែវក៏ដួលធ្លាក់ខ្លួនពីលើកៅអីទៅនិងឥដ្ឋ ភ្លាមនោះបុគ្គលិកនៅក្នុងហាងបាននាំគ្នាជួយបឋម ដោយខ្លះយកប្រេងកូឡាមករឹតនិងធ្វើចលនា តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសពផងដែរ ។ ចំណែកឯករណីនេះសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា មូលហេតុគាំងបេះដូង ៕ ស តារា


ចែករំលែក៖