ភ្នំពេញ៖ នារីម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវជនរងគ្រោះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកខ្សែកក្លែងក្លាយ ទៅដូរយកខ្សែកនិងក្រវិលពីនារីម្នាក់ ជាស្លាកទីនគិតជាប្រាក់អស់៣ជី និងលុយ២០ដុល្លារកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ហើយគេចខ្លួនបាត់។
ការឃាត់ខ្លួន នារីសង្ស័យខាងលើនេះ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចម្តុំផ្សារជីនណាន ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ចាន់ ម៉ៃ ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតខណ្ឌទួលគោករាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានឈ្មោះ ភុន សុីណា អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី និងមានស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
សម្ភារបាត់បង់មាន ខ្សែកប្លាកទីន១ខ្សែទំងន់២ជី ក្រវិល១គួទំងន់១ជី និងលុយ២០ដុល្លារ សរុបទាំងអស់ចំនួន៣ជី និងលុយ២០ដុល្លារ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក រូបនាងបានចេញពីបន្ទប់ជួល ទៅផ្សារដីហុយដើម្បីទិញម្ហូប ស្រាប់តែលេចមុខស្ត្រីម្នាក់មានអាយុប្រហែល៣៩ឆ្នាំ បានដើរមកកេសស្មានាង ហើយនិយាយប្រាប់នាងថា គេរើសបានខ្សែក១មានទំងន់ជិត១ដំឡឹង ហើយប្រាប់ថា កុំប្រាប់អ្នកណារួចក៍ឲ្យនាងយកទៅលក់ក្រោយមកនារីជាជនសង្ស័យឈ្មោះ ចាន់ ម៉ៃ បានដើរមកប្រាប់ថា អោយនាងដោះខ្សែក ក្រវិល និងលុយ២០ដុល្លារទុកអោយរូបគេសិនមក ចាំលក់របស់បាន ចាំចែកលុយគ្នាទៀត ពេលនោះនាងក៏ដោះខ្សែក ក្រវិល និងលុយ២០ដុល្លារអោយទៅនារីជនសង្ស័យ ក្រោយពីបានហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីល្ងាច នារីរងគ្រោះបានចេញពីធ្វើការរោងចក្រដើរមកផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងតែជិះម៉ូតូនៅចំណុចខាងលើ នាងក៏ស្រែកអោយជួយចាប់ជនសង្ស័យបានតែម្តង យកមកប្រគល់អោយសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើកម្មភានេះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕ តុង សីហា