ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធ ហើយជែងរថយន្តកុងតឺន័រ តែមិនផុត ក៏ជ្រុលប៉ះដួលចូលក្រោមរថយន្តកិនបុរសជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធ បានរងរបួស យ៉ាងធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ស្ថិតនៅក្នុងភូមិព្រៃ បឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីដែលស្លាប់នោះ ឈ្មោះ ហូយ ប៊ុនហឿង អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណែកប្រពន្ធរបស់គាត់ឈ្នោះ ធី ចាន់ ណា អាយុ២៥ឆ្នាំមានស្រុកកំណើត នៅភូមិព្រែកច្រោះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់នេះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-7873 ឌុបគ្នាធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តដឹកកុងតឺន័រ១គ្រឿងទៀត។ បន្ទាប់មក គាត់បាន បន្ថែមល្បឿនជែងរថយន្តខាងលើនោះ ប៉ុន្តែជែងមិនផុតឡើយ ព្រោះតែរថយន្តនោះក៏ បានបើកលឿនដែរ ហើយខណៈកំពុងជែងស្រាប់តែមានរថយន្ត១គ្រឿងផ្សេងទៀត បើកបរក្នុងទិសដៅ បញ្ច្រាសគ្នា ហើយគាត់ក៏បានបន្ថយល្បឿនបន្តិចមកវិញ និងគេចចេញពីរថយន្តច្រាស់ទិសនោះ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យប៉ះដៃចង្កូតម៉ូតូ ជាមួយកាងមុខ រថយន្តកុងតឺន័រ ខាងលើ បណ្ដាលឲ្យដួលបោកទៅលើថ្នល់ ហើយបុរសជាប្ដីបានខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្ដង។ រីម៉ូតូរបស់គាត់ក៏ត្រូវបានរថយន្តនោះកិន រងការខូចខាត ១កំណាត់មុខទាំង ស្រុងផងដែរ បន្ទាប់មករថយន្តនោះបានបើកគេច ហើយត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់បាន ដោយឡែកស្រ្តីជាប្រពន្ធរបស់គាត់ បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ហើយមិនទាន់ដឹងថា តើស្ថានភាពរបួសរបស់គាត់អាចគេចផុតពីសេចក្ដី ស្លាប់បានឬមិនបានឡើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទកាន់ទីនោះ ដើម្បីសម្រួលចរាចរនិងវាស់ វែង ព្រមទាំងនាំយកទាំងម៉ូតូ និងរថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ