ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែកបើកបុកម៉ូតូមួយគ្រឿងជិះ២នាក់ប្តីប្រពន្ធពេញទំហឹង ប្តីស្លាប់ រីឯប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកដែកចេញពីក្រុងភ្នំពេញពេលយប់ យកមកបោះដាក់ឱ្យម៉ូយនៅម្តុំជិតផ្សារប្រិម ប្រិយ៍ ក្នុងខេត្តសៀមរាប មិនទាន់ដល់គោលដៅផង ស្រាប់តែជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទី ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចពីខាងកើតផ្សារលើធំថ្មី ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដ និងម៉ូតូបើកក្នុងទិសដៅស្របទិសគ្នា ពីកើតមកលិច មកដល់កន្លែងកើតហេតុខាងកើតផ្សារលើ បានបុកម៉ូតូមួយគ្រឿងជិះគ្នា២នាក់ប្ដីប្រពន្ធ រួចបើកអូសម៉ូតូជនរងគ្រោះចម្ងាយប្រហែល២គីឡូម៉ែត្រ មកដល់រង្វង់មូលស្ពានថ្មមុខដំណាក់ស្ដេច ទើបសមត្ថកិច្ចចាប់ខ្លួនបានទាំងរថយន្ត ទាំងម្ចាស់ ហើយបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តភ្លាមៗ ។

ជនបង្កមានឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរស៊ីឈ្មួលដឹកដែកឱ្យគេក្នុង១ខែ១៥០ដុល្លារ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល បាន បើកបររថយន្តម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A5761 ចំណែកជនរងគ្រោះ(ប្តី) ឈ្មោះ ហេង ញ៉ អាយុ៥៦ឆ្នាំ ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K.8149 និងឌុប ប្រពន្ធពីក្រោយ ឈ្មោះ សេង ពៅ អាយុ ៥៤ឆ្នាំ មានមុខរបរ លក់ដូរនៅអង្គរឃ្យុងយូ រងរបួសធ្ងន់ត្រង់ ត្រគៀក ខាងក្រោយ , ត្រចៀក ដាច់ ,មុខ ,និងជង្គង់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន យី ហោ រិទ្ធ រ៉េត។

ក្រោយពេលកើតហេតុជនបង្កបានបើករថយន្តបម្រុងរត់គេចដែរ ប៉ុន្តែរត់មិនរួច ដោយសារ បានបើកអូសជាប់ម៉ូតូក្រោមរថយន្ដ មកដល់ស្ពានថ្ម មុខព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម ទើបសមត្ថកិច្ចយើងធ្វើការចាប់បានទាំងមនុស្សនិងរថយន្ត ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា មកដល់ម៉ោង២រសៀល កូនស្រី របស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីទាមទាសំណង បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅរសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែក ជនរងគ្រោះជាប្រពន្ធ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន យីហោ រិទ្ធី រ៉េត ។រីឯ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖